ព័ត៌មានជាតិ

អាជ្ញាធរ ត្រូវសហការជាមួយ គ.ជ.ប ចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ឱ្យប្រព្រឹត្តទៅដោយរលូន (Video)

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្ដល់កិច្ចសហការជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយធ្វើការគាំទ្រ ក្នុងការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះឆ្នោត ឆ្នាំ២០២២។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានស្នើសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្ដល់កិច្ចសហការគាំទ្រ ក្នុងការចែកលិខិតអញ្ជើញអ្នកមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

ក្រសួង បន្ដថា ការចែកលិខិតអញ្ជើញនេះធ្វើនៅតាមភូមិក្នុងឃុំ សង្កាត់ទូទាំងប្រទេស ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

ក្រសួង បញ្ជាក់ថា «ដូច្នេះ ដើម្បីធានាឱ្យដំណើរការ ក្នុងការចែកលិខិតអញ្ជើញអ្នកមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃសូមណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ពិសេសរដ្ឋបាលឃុំ សង្កាត់ ត្រូវផ្ដល់កិច្ចសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ធ្វើការគាំទ្រ ក្នុងការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»៕

To Top