ព័ត៌មានជាតិ

ប្រតិភូសាលារាជធានីភ្នំពេញ បញ្ចប់ទស្សនកិច្ចនៅទីក្រុងហូជីមិញ

ភ្នំពេញ៖ ដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅទីក្រុងហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានបញ្ចប់នៅថ្ងៃទី៨កញ្ញានេះ ខណៈប្រតិភូ បានចូលរួមក្នុងពិធីសម្ពោធ ពិព័រណ៍ទីផ្សារណាត់ ទេសចរណ៍អន្តរជាតិ (ITE) លើកទី១៦ នៅទីក្រុងហូជីមិញ ដែលមានប្រទេសជាច្រើន ក្នុងពិភពលោកចូលរួម ក្នុងនោះក៏មានកម្ពុជាផងដែរ ។

នាឱកាសនោះ លោក ឃួង ស្រេង ក៏បានជួបសំដែងការគួរសម ចំពោះលោក PHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមីញផងដែរ។

លោក PHAN VANMAI បានបង្ហាញនូវទឹកចិត្តស្និទស្នាល និងស្វាគមន៍ យ៉ាងកក់ក្តៅរាក់ទាក់ ចំពោះលោក ឃួង ស្រេង និងប្រតិភូ ដែលបានមកបំពេញ ទស្សនកិច្ច នាពេលនេះ នៅទីក្រុងហូជីមិញ ពិព័រណ៍ផ្សារណាត់ ទេសចរណ៍អន្តរជាតិ (ITE) លើកទី១៦ សំដៅរួមចំណែក ទាក់ទាញភ្ញៀវទេសចរ និងជំរុញទីផ្សារទេសចរណ៍ ឲ្យដំណើរការល្អ ប្រសើរឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ ។

លោក PHAN VAN MAI ក៏បានជំរុញឲ្យមានការកើនឡើងបន្ថែមទៀត រវាងទីក្រុងទាំង២ ហូជីមីញ-ភ្នំពេញលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំជាដើម និងផ្សារភ្ជាប់ជាប្រចាំទាំងផ្លូវគោក និងផ្លូវទឹក ក្នុងនាមទីក្រុងសម្ពន្ធ័ភាព។

ជាមួយគ្នានោះដែរ លោក ឃួង ស្រេង បានឯកភាពតាមការលើកឡើង របស់លោក PHAN VAN MAI ទៅលើការផ្តល់ឱកាស ដល់អ្នកវិនិយោគ នៃទីក្រុងទាំង២ តាមរយៈការលើកទឹកចិត្ត និងផ្សព្វផ្សាយពីច្បាប់ វិនិយោគ ដើម្បីអោយអ្នកវិនិយោគ បានយល់កាន់តែច្បាស់ ពីគោលបំណងវិនិយោគរវាងទីក្រុងទាំង២។

លោកអភិបាលរាជធានី ក៏បានអបអរសាទរផងដែរ ចំពោះការលើកឡើង របស់លោក PHAN VAN MAI លើការពង្រឹងគុណភាព សេវាព្យាបាលជំងឺ នៅមន្ទីរពេទ្យជោរីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ ក្នុងការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសថែមទៀត ដើម្បីកាត់បន្ថយចំណាយ ក្នុងការទៅព្យាបាលនៅក្រៅប្រទេស ។

ក្នុងនោះភាគីវៀតណាម បានលើកឡើងពីគោលបំណងបញ្ជូន ក្រុមគ្រូពេទ្យជំនាញ មកជួយព្យាបាលជំងឺនៅមន្ទីរពេទ្យជោរី ឬ ទទួលយកក្រុមគ្រូពេទ្យកម្ពុជា ទៅបណ្តុះបណ្តាល នៅវៀតណាមផងដែរ ៕

To Top