ព័ត៌មានជាតិ

ចិន គាំទ្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍន៍សេដ្ឋកិច្ច និងកែលម្អជីវភាព រស់នៅរបស់ប្រជាជន

ភ្នំពេញ ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ភាគីកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍន៍សេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។

ក្នុងពិធីសម្ពោធស្លាក សមិទ្ធផលលើការ ជួសជុលអគារក្រហម និងបណ្ណាល័យព្រឹទ្ធសភា ដែលជាជំនួយរបស់ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោក វ៉ាង វិនធាន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងចិន និងកម្ពុជា ដែលត្រូវបានបង្កើត និងបីបាច់ថែទាំយ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំចិនជំនាន់មុន និងព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។

លោកទូត បានគូសបញ្ជាក់ថា «ប្រទេសចិន និងប្រទេសកម្ពុជា គឺ ជាមិត្តដែកថែបយ៉ាងពិតប្រាកដ ។ ភាគីចិនសូមថ្លែងអំណរគុណ ចំពោះការប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់ របស់កម្ពុជា អំពីគោលការណ៍ចិនតែមួយ ។ ភាគីចិនក៏គាំទ្រយ៉ាងម៉ឺងម៉ាត់ ដល់ភាគីកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងសេចក្តីថ្លៃថ្នូរ របស់ជាតិ គាំទ្រយ៉ាងមុតមាំ ដល់ភាគីកម្ពុជា ក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ ដែលសមស្រប នឹងលក្ខខណ្ឌជាតិ របស់ខ្លួន គាំទ្រយ៉ាងម៉ឺងម៉ាត់ ដល់ភាគីកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងការកែលម្អជីវភាព រស់នៅរបស់ប្រជាជន»។

នាឱកាសនោះ លោក ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានជម្រាបជូនអង្គពិធីជ្រាបថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ ស្ថានទូតចិន ប្រចាំកម្ពុជា បានឧបត្ថម្ភគាំទ្រ លើគម្រោងជួសជុលកែលម្អ និងបំពាក់កម្មវិធីគ្រប់គ្រង បណ្ណាល័យអេឡិចត្រូនិច ដល់បណ្ណាល័យព្រឹទ្ធសភាកម្ពុជា ក្នុងទឹកប្រាក់ចំនួន ០៧ម៉ឺនដុល្លារអាមេរិក និងគម្រោងជួសជុលអគារក្រហម ក្នុងទឹកប្រាក់ចំនួន ៤២.៥០០ដុល្លារអាមេរិក ដើម្បីកែលំអបរិស្ថានការងារ ក្នុងព្រឹទ្ធសភាឱ្យកាន់តែល្អប្រសើរថែមទៀត។

ដោយឡែក លោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ ដោយសេចក្តីពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការ ដ្ឋានព្រឹទ្ធសភា និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ដែលតែងមានទំនាក់ទំនងជាប្រចាំ និងកាន់តែប្រសើរឡើង ទោះបីជាស្ថិតក្នុងការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ។ លោកកថា នេះបង្ហាញឲ្យឃើញ ពីទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំ និងមានភាពធននឹងវិបត្តិ មិនថាសម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដែលទំនាក់ទំនងមិត្តភាព ដែកថែបនេះ នឹងក្លាយទៅជាផលប្រយោជន៍ ដ៏ធំធេងសម្រាប់ប្រជាជន និងកូនចៅកម្ពុជា-ចិន គ្រប់ជំនាន់ទៅមុខទៀត៕

To Top