ព័ត៌មានជាតិ

អភិបាលរាជធានី ឧបត្ថម្ភស្បៀងអាហារ ជូនលោកយាយពិការភ្នែក អាយុ៩០ឆ្នាំ ដោយសន្យាផ្តល់រាល់ខែ មិនឱ្យដាច់ស្បៀងឡើយ

ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកគ្រឿងឧបភោគបរិភោគ សំភារប្រើប្រាស់ និងថវិកាមួយចំនួន របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនលោកយាយ យឹម យ៉ន ព្រះជន្ម ៩០ឆ្នាំ មានជីវភាពក្រីក្រលំបាក កំពុងមានជំងឺប្រចាំកាយដើរមិនរួច និងពិការភ្នែក រស់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

បន្ទាប់ពីទទួលបានការចាត់តាំងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ម៉េត មាសភក្តី បានប្រគល់ជូនលោកយាយនូវ សំភារៈ និងថវិកា ជាមួយនឹងការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ រួមមាន៖ អង្ករចំនួន ១០០គីឡូក្រាម, មី ០៥កេសតូច, ទឹកសុទ្ធ ០៥កេស, ទឹកត្រី ០៣យួរ, ទឹកស៊ីអុីវ ០៣យួរ, ត្រីខ ០៥យួរ, ប្រេងឆា ០៥ដប, ភួយធំ ០១, មុង ០១, អាវរងារ ០១,ក្រមា ០១ និង ថវិកា ១លានរៀល ។

បន្ថែមពីនេះ លោក ម៉េត មាសភក្តី ក៏បានបញ្ជាក់ជូនលោកយាយថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងធ្វើការឧបត្ថម្ភអង្ករជារៀងរាល់ខែ ជូនលោកយាយមិនអោយបារម្ភ ពីការដាច់ស្បៀងអាហារឡើយ។

លោកយាយ យឹម យ៉ន បានសំដែងសេចក្តីត្រេកអរយ៉ាងខ្លាំង ពោរពេញដោយក្តីសង្ឃឹម ជាមួយនឹងទឹកចិត្តសណ្តោសប្រណីគាំពារ ពីប្រមុខថ្នាក់ដឹកនាំ តាមរយៈលោកអភិបាលរាជធានីភ្នំពេញនេះ៕

To Top