ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ជំរុញការ​អភិវឌ្ឍ «តំបន់រុនតាឯក» ទៅជាភូមិធម្មជាតិ និងប្រែក្លាយទៅជាទីក្រុងរណបថ្មី

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប រៀបចំអភិវឌ្ឍន៍ «តំបន់រុនតាឯក» ទៅជាភូមិធម្មជាតិរុនតាឯក និងប្រែក្លាយឱ្យទៅជាទីក្រុងរណបថ្មី ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាល ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប រៀបចំអភិវឌ្ឍ តំបន់រុនតាឯក ទៅជាភូមិធម្មជាតិរុនតាឯក ដែលជាទីតាំងបន្តមរតកពីសម្តេចវិបុលបញ្ញា សុខ អាន ឱ្យក្លាយជាទីក្រុងរណបថ្មី សម្រាប់ការផ្លាស់ទីលំនៅ របស់ប្រជាពលរដ្ឋ ដែលបានស្ម័ត្រចិត្ត រុះរើសំណង់ ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ដោយរៀបចំកសាង ឱ្យមានហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសំខាន់ៗ រួមមានផ្លូវលំ សាលារៀន មន្ទីរពេទ្យ សេវាទឹកស្អាត និងអគ្គិសនី ជាដើម។

ជាមួយនឹងការជំរុញនេះ សម្ដេចក៏បានថ្លែងការកោតសរសើរដល់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដឹកនាំ និងសហការជាមួយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា ក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តសៀមរាប ដោះស្រាយផលប៉ះពាល់ ចំពោះអ្នកកាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ក្នុង តំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ដើម្បីបំពេញការលក្ខខណ្ឌ នៃការបង្ករលក្ខណសម្បត្តិ របស់តំបន់ណីយដ្ឋានអង្គរជា បេតិកភណ្ឌ ពិភពលោក៕

To Top