ព័ត៌មានជាតិ

សម្ដេច ស ខេង អំពាវនាវសាធារណជនបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើអំពាវនាវដល់សាធារណជនរួមគ្នាបង្ការ ឬទប់ស្កាត់គ្រោះចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១១-២៦ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

យោងតាមសេចក្ដីអំពាវនាវរបស់ គ.ស.ច.គ នាថ្ងៃទី១២ កញ្ញា សម្ដេច ស ខេង បានថ្លែងឲ្យដឹងថា ក្នុងស្ថានភាពប្រទេសជាតិបាននិងកំពុងដំណើរការយ៉ាងសកម្មលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី បន្ទាប់ពីការឆ្លងជំងឺរាតត្បាតកូវីដ-១៩ មានភាពធូរស្រាលបន្ទាប់ពីបានរាជរដ្ឋាភិបាល បានប្រកាសបើកដំណើរការ ប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកហាក់មាននិន្នាការកើនឡើងគួរឲ្យព្រួយបារម្ភ។

សម្ដេចបញ្ជាក់ថា «ស្របពេលដែលយើងនឹងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់បន្ថែមពីលើការអនុវត្ត វិធានការ ៣ការពារ និង៣កុំ ព្រមជាមួយ នឹងវិធានការសុខាភិបាលផ្សេងទៀត សំដៅបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃការឆ្លងជំងឺកូវីដ-១៩ សូមមេត្តាខិតខំយកចិត្តទុកដាក់ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក»។

សម្ដេច បានណែនាំដល់អ្នកបើកបរត្រូវបន្ថយល្បឿនបើកបររបស់ខ្លួនទៅតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្ដែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវគ្រលុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ឬផ្លូវរអិល ជាដើម។ សម្ដេចថា មូលហេតុចម្បងបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍គឺការបើកបរលើសល្បឿនកំណត់។ សម្ដេចបន្ដថា អ្នកបើកបរត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ដោយត្រូវបន្ថយល្បឿននៅពេលជិត ដល់ផ្លូវប្រសព្វ និងត្រូវទុកសិទ្ធិឲ្យអ្នកបើកបរដែលធ្វើចរាចរណ៍នៅលើផ្លូវធំ និងត្រង់ទៅមុន។

សម្ដេច ស ខេង ក៏បានណែនាំទៀតថា ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ កុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សនៅលើដំបូល និងមិនត្រូវតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឡើយ៕

To Top