នយោបាយ

សម្តេចតេជោ ៖ អ្នកប៉ុនប៉ង់រំលាយអង្គរក្សខ្ញុំ មានន័យថា ប៉ុនប៉ង់ធ្វើរដ្ឋប្រហារ ឬសម្លាប់ខ្ញុំ តែកំលាំងប្រដាប់អាវុធត្រៀមជានិច្ច សម្រាប់កម្ចាត់អ្នកទាំងនោះ (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា មានអ្នកប៉ុនប៉ង់រំលាយអង្គរក្ស របស់សម្តេចដែលមានន័យថា ពួកគេក៏បានប៉ុនប៉ង់ធ្វើរដ្ឋប្រហារ ឬសម្លាប់សម្តេចដែរ ប៉ុន្តែសម្តេចក៏ព្រមានទៅវិញថា កុំសង្ឃឹមឲ្យសោះ ព្រោះកងកំលាំងប្រដាប់ អាវុធបានត្រៀមជានិច្ច ក្នុងការកម្ចាត់អ្នកដែលមានបំណងចង់ផ្តួលរំលំ ឬធ្វើរដ្ឋប្រហារ រាជរដ្ឋាភិបាលក្នុងតំណែង ។

ការបញ្ជាក់របស់សម្តេចតេជោនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋ ស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចតេជោបានប្រសាសន៍ ភ្ជាប់ទៅនឹងករណីលោក ខឹម វាសនា ថា ខឹម វាសនា បើប្រើចុងកាណុងកាំភ្លើងមិនពិបាកទេ ប៉ុន្តែរឿងនេះមិនមែនជាជម្រើស របស់សម្តេច ត្រូវប្រើនោះទេ ។ សម្តេចថា «ជម្រើសហ៊ុន សែនប្រើប្រាស់កងកំលាំង ប្រដាប់អាវុធ អ្នកណាចង់ផ្តួលរំលំអ្នកហ្នឹង ត្រូវរងការ ទទួល ពីកំលាំងប្រដាប់អាវុធ ។ ចំណុចនេះនិយាយឲ្យច្បាស់ ពីព្រោះអ្នកឯងចង់ផ្តួល រំលំខ្ញុំហើយ រឿងអ្វីត្រូវទុក ! វាមិនដែលម៉ែ អាណាធ្វើនាយករដ្ឋមន្ត្រី ហើយឲ្យគេផ្តួលរំលំ ហើយសូមផ្តាំអ្នកណាក៏ដោយប្រឆាំង នឹងអង្គរក្សការពារ នាយករដ្ឋមន្ត្រី គឺអ្នកប៉ុនប៉ង់ធ្វើរដ្ឋប្រហារ និយាយប្រាប់ឲ្យហើយ»។

សម្តេចលើកឡើងថា អង្គរក្សគឺជាមានតួនាទីសម្រាប់ការពារនាយករដ្ឋមន្ត្រី ហើយបើការពារនាយករដ្ឋមន្ត្រីមិនបាន គឺប្រទេសនោះនឹងច្របូកច្របល់ភ្លាម។
សម្តេចបញ្ជាក់ទៀតថា «អ្នកដែលប៉ុនប៉ង់រំលាយអង្គរក្សខ្ញុំ គឺមានន័យថា អ្នកនោះប៉ុនប៉ង់ធ្វើរដ្ឋប្រហារឬប៉ុនប៉ង់សម្លាប់ខ្ញុំ។ ខ្ញុំធ្លាប់បានប្រកាសហើយ គឺខ្ញុំធ្លាប់បានគេប៉ុនប៉ង់ធ្វើឃាត និងរដ្ឋប្រហារជាច្រើនហើយ»។

សម្តេចបានឲ្យដឹងថា សម្តេចត្រូវបានគេចាប់ឃុំខ្លួននៅក្នុងផ្ទះម្តង ធ្វើរដ្ឋប្រហារ៣ដង និងប៉ុនប៉ង់សម្លាប់នៅសៀមរាបថ្ងៃទី២៤ខែកញ្ញា ឆ្នាំ១៩៩៨ ម្តង “ដូច្នេះបានជាខ្ញុំតាំងចិត្តថា ដរាបណាខ្ញុំនៅក្នុងតំណែងមិនអនុញ្ញាតឲ្យអ្នកណាធ្វើរដ្ឋប្រហារជាដាច់ខាត។ អ្នកណាចង់ថាអ្វីថាទៅ កំលាំងប្រដាប់អាវុធមានសិទ្ធិទទួលការពារជាតិ ការពារប្រជាជន ។ នៅក្នុងនោះមានមួយចំណែកការពាររាជធានីភ្នំពេញ ការពារក្បាលម៉ាស៊ីនដឹកនាំក្នុងហ្នឹងក៏មាននាយករដ្ឋមន្ត្រីដែរ” ។

សម្តេចតេជោបានអះអាងថា កំលាំងកងប្រដាប់អាវុធមានតែនាយករដ្ឋមន្ត្រីតែម្នាក់គត់ មានសិទ្ធិបញ្ជា ហើយគ្មានអ្នកណាមានសិទ្ធិបញ្ជានោះទេ៕

To Top