ព័ត៌មានជាតិ

ស្លាប់ ៣នាក់ ក្នុងករណីរថយន្តបើកបុកម៉ូតូ នៅលើផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែង

ពោធិសាត់៖ មនុស្សប្រុសស្រី ៣ នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុគួរអោយសង្វេក ដោយសាររថយន្តបង្កម៉ាកតូយូតាពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BB-2209 បានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយទៅបុកនឹងម៉ូតូរបស់ជនរងគ្រោះ ដែលកំពុងជិះឌុបគ្នា ៣ នាក់ស្របទិសគ្នា ស្ថិតនៅចំនុចទួលកកោះ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់លើកំណាត់ផ្លូវជាតិលេខ ៥៥ ។

បើតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកវាលវែងបានអោយដឹងថា ទាំងរថយន្តបង្ក និង ម៉ូតូជនរងគ្រោះបានធ្វើដំណើរ ស្របទិសគ្នាពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុ រថយន្តបង្កក៍បានបុកទៅលើម៉ូតូ ជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលអោយរថយន្តធ្លាក់ផ្លូវទៅមុខមិនរួច អ្នកបើកបរក៍បានរត់គេចខ្លួន បាត់ពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្ត ម៉ូតូ និង សាកសពជនរងគ្រោះ ៣ នាក់នៅនឹងកន្លែងកើតហេតុ។

របាយការណ៍ដដែល ក៏បានអោយដឹងទៀតថា ជនរងគ្រោះដែលបានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់នោះមាន ១ -ឈ្មោះម៉ុង រី ភេទស្រី អាយុ ៣៨ ឆ្នាំ(អ្នកបើកបរម៉ូតូ) ២ -ឈ្មោះឈួន មុំ ភេទស្រីអាយុ ២៨ ឆ្នាំ(អ្នករួមដំណើរ) និង ទី ៣ ឈ្មោះម៉ុង វណ្ណថា ភេទប្រុសអាយុ ៦ ឆ្នាំ (កូនតូចរួមដំណើរជាមួយ) ជនរងគ្រោះទាំង ៣ នាក់រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់។

ក្រោយកើតហេតុ មន្ត្រីនគរបាលជំនាញបានធ្វើកំណត់ហេតុ ប្រគល់សាកសពទាំង ៣នាក់ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក និង ម៉ូតូបានយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកដើម្បីរង់ចាំ ការដោះស្រាយទៅតាមផ្លូវច្បាប់ ៕

To Top