ព័ត៌មានជាតិ

លោក រស់ សុវាចា ៖ សាលានៅរតនគិរី ស្ទឹងត្រែង និង សាលាមួយចំនួនតូចទៀត បានផ្អាក ដោយសារជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានលើកឡើងថា ដោយសារ បញ្ហាជំនន់ទឹកភ្លៀង បានធ្វើឲ្យសាលារៀន មួយចំនួន ស្ថិតនៅខេត្តរតនគិរី ស្ទឹងត្រែង ព្រមទាំងសាលារៀន មួយចំនួនទៀត ក្នុងបណ្តាខេត្តផ្សេងទៀត បានផ្អាកដំណើរការសិក្សា ជាបណ្តោះអាសន្ន។

លោក រស់ សុវាចា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នារសៀលថ្ងៃ៤ តុលាថា បានផ្អាកការសិក្សា បណ្តោះអាសន្ន នៅតាមបណ្តាខេត្ត មួយចំនួនដូចជា ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តផ្សេងទៀត ដោយសារជំនន់ទឹកភ្លៀង ។

ចំពោះវិធានការ លោកថា ដូចឆ្នាំកន្លងមកដែរ វិធាន ការដោះស្រាយ សម្រាប់សាលារៀន រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គឺសិស្សានុសិស្ស អាចទៅរៀន នៅសាលារៀនក្បែរខាង ឬនៅទីតាំងផ្សេង ដែលមានសុវត្ថិភាព អមដោយការរៀនអនឡាញ។

លោកថា ក្រសួងអប់រំ បន្តយកចិត្តទុកដាក់កម្រិតខ្ពស់ តាមដានស្ថានភាពធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ ឧតុនិយមផ្លូវការ និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋាន ។ ជាមួយគ្នានេះ ក៏មានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយ វិស័យអប់រំដែលបានបន្តកិច្ចសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ ទៅលើកត្តាចាំបាច់ តាមលទ្ធភាពជាក់ស្តែង ។

ទន្ទឹមនឹងនេះ លោកអ្នកនាំពាក្យបន្តថា ក្រសួងនៅតែបន្តស្វាគមន៍ កិច្ចសហការវិជ្ជមានពីសំណាក់ គ្រប់ភាគីពាក់ព័ន្ធ លើវិធានការទប់ស្កាត់ និងការឆ្លើយតបលើផលជះពីគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង តាមគ្រឹះស្ថានសិក្សា ។ ក្រសួងក៏អំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា និងគ្រប់ភាគី ពាក់ព័ន្ធទាំងអស់បង្កើន ការប្រុងប្រយ័ត្ន នារដូវភ្លៀងនេះលើការថែទាំសុខភាព និងរក្សាសុវត្ថិភាព។

លោក រស់ សុវាចា ក៏បានស្នើសិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រ ក្នុងថ្នាក់និងរៀនខ្លួនឯង បន្ថែមផងដែរ។

សូមបញ្ជាក់ថា មកដល់ថ្ងៃ៤ តុលានេះ មានខេត្តនិងក្រុង ប្រមាណជា៦ បានលិចលង់ ដោយសារទឹកជំនន់ទឹកភ្លៀង៕

To Top