ព័ត៌មានជាតិ

ទស្សនកិច្ចសិក្សា របស់និស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅ ក្រុមហ៊ុន យូ ភី ជី ផាយផ៍ ឯ.ក

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី១៤​ ខែតុលា ឆ្នាំ ២០២២ លោក ភួន វណ្ណៈ ព្រឹទ្ធបុរស មហាវិទ្យាល័យគ្រប់គ្រង ពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដឹកនាំ និស្សិតជំនាញ ជំនាញពាណិជ្ជកម្មអន្តរជាតិ សេដ្ឋកិច្ច ម៉ាឃីទីង​រួមទាំង បុគ្គលិក និង សាស្ត្រាចារ្យចំនួន ៦៨ នាក់ចុះទៅធ្វើទស្សនកិច្ច សិក្សានៅក្រុមហ៊ុន យូ ភី ជី ផាយផ៍ ឯ.ក​ ដែលមានទីតាំងស្ថិត នៅផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ។

ក្នុងគោលដៅលើកកម្ពស់ និង ពង្រឹងគុណភាព នៃសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររងលើគ្រប់ជំនាញ ក្នុងមហាវិទ្យាល័យឱ្យកាន់ តែមានសមត្ថភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងឱកាសអាជីវកម្មផ្ទាល់ខ្លួន ជារៀងរាល់ឆ្នាំ និងរាល់ឆមាស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែបានរៀបចំកម្មវិធីចុះធ្វើទស្សនកិច្ចសិក្សា របស់និស្សិតទៅស្ថាប័ន រោងចក្រ សហគ្រាស និងក្រុមហ៊ុននានាទាំងវិស័យសារណៈ និង វិស័យឯកជដើម្បីផ្សារភ្ជាប់ការសិក្សា ទ្រឹស្តីទៅនឹងការងារ អនុវត្តជាក់ស្តែង ។

ក្នុងដំណើរចុះទស្សនកិច្ចសិក្សានោះដែរ លោកព្រឹទ្ធបុរស ភួន វណ្ណៈ បានបញ្ជាក់បន្ថែមពីគោលបំណង ដែលបានគ្រោងទុក
ក្នុងរបៀបវារៈនៃទស្សកិច្ចសិក្សារបស់និស្សិតនោះ រួមមាន ៖
១. ស្វែងយល់ពីប្រវត្តិ ទិសដៅ​ ចក្ខុវិស័យ បេសកកម្ម នៃក្រុមហ៊ុន យូ ភី ជី ផាយផ៍ ឯ.ក​
២. និស្សិតយល់ដឹងបន្ថែមលើចំណេះជំនាញ ក្នុងគោលដៅឆ្លើយតបទៅនឹងទីផ្សារការងារ និងឱកាសអាជីវកម្មផ្ទាល់ខ្លួន
៣. ទទួលបានបទពិសោធន៍ថ្មីៗជាមួយសង្គមការងារជាក់ស្តែង
៤. ចុះសិក្សាស្វៃងយល់ដោយផ្ទាល់អំពី ដំណើរការនៃសង្វាក់ផលិតកម្ម សេវាកម្មនៃប្រព័ន្ធចែកចាយផលិតផលទៅកាន់ទីផ្សារ
៥. យល់ដឹងពីការចែកចាយផលិតផលទៅកាន់ទីផ្សារប្រកបដោយភាពជោគជ័យ
៦. យល់ពីដំណើរការនៃការគ្រប់គ្រង របស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល
៧.​ ស្វែងយល់ពីអត្ថប្រយោជន៍ គុណភាពសម្រាប់អតិថិជនប្រើប្រាស់ និងការផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋក្នុងស្រុក
ក៍ដូចជា ចំណែកនៃប្រភពកំណើនចំណូលសេដ្ឋកិច្ចសម្រាប់កម្ពុជាផងដែរ។

លោក សៅ ផារឿន ជានាយករោងចក្រ យូ ភី ជី ផាយផ៍ ឯ.ក បានធ្វើបទបង្ហាញជូននិស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប អំពីប្រវត្តិ​​​ របស់ក្រុមហ៊ុន ចក្ខុវិស័យ បេសកកម្ម គោលដៅ និងយុទ្ធសាស្រ្តទីផ្សារ និងសកម្មភាពប្រតិបត្តិការការផលិត​ ៖ការគាំទ្រលើកស្ទួយដល់កិច្ចអភិវឌ្ឍឧស្សាហកម្ម និង ហេដ្ឋារេចនាសម្ព័ន្ធនៃវិស័យផ្គត់ផ្គង់សម្ភារៈសំណង់ និង វិស័យបណ្តាញទឹក-ភ្លើង ដោយផលិតនូវផលិតផល ដែលមានគុណភាពខ្ពស់ សំរាប់ការប្រើប្រាស់យូរអង្វែង ។

ចូលរួមចំណែក និងធានាថាបណ្តាញផ្គត់ផ្គង់ជាទឹកស្អាត មានសុវត្ថិភាព និងផ្តល់ជូននូវការជឿទុកចិត្តពីអ្នកប្រើប្រាស់ នៅគ្រប់ក្រុមគ្រួសារ និងគ្រប់អាជីវកម្មក្នុងប្រទេសកម្ពុជា ។​

ចូលរួមចំណែក និងធានា ឱ្យបាននូវគ្រប់ផលិតផលបំពង់ទីប និងតំណបំពង់ទីបអគ្គិសនី របស់ក្រុមហ៊ុន មានសុវត្ថិភាព​ និងទទួលបាននូវការជឿជាក់ សម្រាប់ការប្រើប្រាស់របស់អតិថិជន ។

គាំទ្រលើកស្ទួយដល់យុទ្ធសាស្រ្តផលិតកម្ម សម្រាប់ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសកម្ពុជា នូវបំពង់ទីបជ័រ និងបំពង់ទីបអគ្គិសនី ។ ល ។ សូមជម្រាបជូនផងដែរថា ៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនោះ លោកព្រឹទ្ធបុរសតំណាងមហាវិទ្យាល័យសាមីទាំងពីរ បានឆ្លៀតពេលពិភាក្សាជាមួយ លោកនាយករោងចក្រ និង អ្នកគ្រប់គ្រងធនធានមនុស្ស នៃក្រុមហ៊ុនយូ ភី ជី ផាយផ៍ ឯ.ក ពីការបង្កើតកិច្ចសហការណ៍គ្នា ដោយផ្តល់ឱកាស និងអាទិភាពជូននិស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុបទទួលបានការងារ ធ្វើតាមជំនាញសិក្សាពីសាកលវិទ្យាល័យ និងស្វាគមន៍បើកទូលាយ ឱ្យនិស្សិតគ្រប់ជំនាញបានចុះធ្វើកម្មសិក្សា​ ដើម្បីប្រមូលទិន្នន័យ និងឯកសារសម្រាប់ចងក្រង ធ្វើជាសារណា និងរបាយការណ៍បញ្ចប់ការ សិក្សារបស់ពួកគាត់ ៕

To Top