ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភទូក និងម៉ាស៊ីនទូកចំនួន ២៣គ្រឿង ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងកងពលតូចអន្តរាគមន៍លេខ១២៨ សម្រាប់បម្រើ ដល់ប្រជាពលរដ្ឋ កំពុង​រងផលប៉ះពាល់​ដោយ​​ជំនន់​

ភ្នំពេញ៖ ទូក និងម៉ាស៊ីនទូកចំនួន ២៣គ្រឿងជាអំណោយរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានក្រុមការងារ នាំយកទៅប្រគល់ជូន តំបន់ប្រតិបត្តិការសឹករងមណ្ឌលស្ទឹងត្រែង និងកងពលតូចថ្មើរជើងលេខ១២៨ យោធភូមិភាគទី១ កងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្រាប់សកម្មភាពក្នុងបេសកកម្មផ្សេងៗ ជាពិសេសក្នុងសកម្មភាពមនុស្សធម៌បម្រើប្រជាជនដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

តាមរយៈក្រុមការងារជំនួយការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹករឮកពីសំណាក់ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះ នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី សង្គ្រោះប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។

ឧត្ដមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង និង ឧត្តម សេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពល ១២៨  បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខការរស់នៅរបស់កងទ័ព និងប្រជាជន។

ជាក់ស្តែងមេបញ្ជាការបានផ្តល់ទូក និងម៉ាស៊ីនទូកចំនួន២៣គ្រឿងបន្ថែមនាពេលនេះ ពិតជាជំនួយចាំបាច់មិនអាចខ្វះបាន សម្រាប់ដំណើរការសកម្មភាពមនុស្សធម៌ លឿន រហ័ស ឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសេចក្តីត្រូវការ ជាចាំបាច់បំផុត៕

To Top