ព័ត៌មានជាតិ

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស “ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ” ជូន លោកបណ្ឌិត ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត

ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីប្រគល់ សញ្ញាបត្របណ្ឌិតកិតិ្តយស “ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ” (Honorary Doctorate Degree in Educational Administration and Leadership) ជូនលោកបណ្ឌិត ចូហ្សេ រ៉ាមូស អរតា (José Ramos-Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត និងជាជ័យលាភីពានរង្វាន់ ណូប៊ែលសន្តិភាព (The Nobel Peace Prize) ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញ ចូលរួមពីសំណាក់ លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជារដ្ឋមន្ត្រីអមគណៈប្រតិភូ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ និងប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងអប់រំ ឯកអគ្គរដ្ឋទូតទីម័រប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងសិស្ស-និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបប្រមាណ ១,៦០០នាក់។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា នេះជាលើកទី៣ហើយ សម្រាប់សាកលវិទ្យាល័យ ក្នុងការប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយសជូន ថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ និង បុគ្គលជោគជ័យជាតិ-អន្តរជាតិ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលបានរៀបចំពិធីប្រគល់ សញ្ញាបត្របណ្ឌិតកិត្តិយសជូន លោកបណ្ឌិត ចូហ្សេ រ៉ាមូស អរតា (José Ramos-Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត នាពេលនេះ ។

លោកបណ្ឌិត លី ឆេង បានមានប្រសាសន៍ថា ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស នាពេលនេះធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យបានពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់លើ ប្រវត្តិ ស្នាដៃ សមិទ្ធផល និងគុណសម្បត្តិជាច្រើនរបស់ លោកបណ្ឌិត ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងមានតម្លៃលើសលុបជាសកល ក្នុងកិច្ចការអប់រំ និងភាពជាអ្នកដឹកនាំ ដើម្បីឯករាជ្យជាតិ សន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិ និងប្រជាជន និងជាគំរូ សម្រាប់យុវជនជំនាន់ក្រោយ ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា សាកលវិទ្យាល័យផ្តល់សញ្ញាបត្របណ្ឌិតកិតិ្តយសជូន ចំពោះ ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ ឬបុគ្គលដែលមានស្នាដៃ តាមលក្ខខណ្ឌដូចខាងក្រោម ៖

១-ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ ព្រមទាំងបុគ្គល ដែលមានកិត្តិយសខ្ពស់បំផុត ដែលមានគុណសម្បត្តិ និងស្នាដៃដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុរំដោះជាតិ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ដឹកនាំតស៊ូទាមទារឯករាជ្យជាតិ និងការស្វែង រកសុខសន្តិភាព ស្ថិរភាពនយោបាយ ជូនប្រទេសជាតិ ក៏ដូចជាមនុស្សជាតិ ទូទាំងពិភពលោក ។

២-បុគ្គលដែលមានគុណសម្បត្តិ និងស្នាដៃក្នុងការអភិវឌ្ឍវិស័យអប់រំ វប្បធម៌ សិល្បៈ ទេសចរណ៍ សេដ្ឋកិច្ច បរិស្ថាន ឧស្សាហកម្ម វិស្វកម្ម ស្ថាបត្យកម្ម បច្ចេកវិទ្យា និងស្រាវជ្រាវរកឃើញ នូវរូបមន្តផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា អក្សរសាស្ត្រ វេជ្ជសាស្ត្រ ព្រមទាំង វិស័យផ្សេងៗទៀត សម្រាប់ជាប្រយោជន៍ ដល់សង្គមជាតិ និងជាគំរូដល់យុវជន ជំនាន់ក្រោយ ។

៣- បុគ្គលដែលទទួលបានជោគជ័យលើផ្នែក ពាណិជ្ជកម្ម ឧស្សាហកម្ម អាជីវកម្ម ក្នុងអាជីពការងារ និង មុខរបរ វិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងមានបទ ពិសោធន៍ស្របតាមទេពកោសល្យពីកំណើត ដែលបានរួមចំណែកអភិវឌ្ឍ លើវិស័យផ្សេងៗទៀត សម្រាប់សង្គមជាតិ ក៏ដូចជាមនុស្សជាតិទូទៅ ។

ស្ថិតក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអបអរសាទរចំពោះ លោកបណ្ឌិត ចូហ្សេ រ៉ាមូស អរតា ក្នុងឱកាសទទួល សញ្ញាបត្របណ្ឌិតកិតិ្តយស “ផ្នែករដ្ឋបាលអប់រំ និង ភាពជាអ្នកដឹកនាំ” ពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលសាកសមបំផុតសម្រាប់ គុណសម្បតិ សមិទ្ធផល និងស្នាដៃដ៏ច្រើនលើសលុបរបស់ លោកបណ្ឌិត ក្នុងរយៈពេលជាងបួន ទស្សវត្សរ៍មកនេះ ក្នុងការតស៊ូទាមទារ ឯករាជ្យជាតិ ស្វែងរកសុខសន្តិភាព ការកសាង និងអភិវឌ្ឍប្រទេសជាតិ រួមទាំងវិស័យអប់រំ ។ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និងគាំទ្រ ចំពោះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការរៀបចំពិធីប្រគល់ សញ្ញាបត្របណ្ឌិតកិត្តិយសជូន ថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ និង បុគ្គលជោគជ័យជាតិ-អន្តរជាតិ ស្របតាមគុណសម្បត្តិ សមិទ្ធផល និងស្នាដៃនានា ។
ក្នុងពិធីដ៏ឧត្តុង្គឧត្តមនោះផងដែរ លោកបណ្ឌិត ចូហ្សេ រ៉ាមូស អរតា បានផ្តល់កិត្តិយសថ្លែងសំណេះសំណាលជាមួយ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងបានថ្លែងអំណរគុណ ចំពោះសាកលវិទ្យាល័យ បានប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយស ជូនលោកបណ្ឌិត ។ លោកបណ្ឌិតប្រធានាធិបតី ក៏បានសម្តែងការអបអរសាទរ និងក្តីសប្បាយរីករាយ ដោយឃើញកម្ពុជា មានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

ជាទីបញ្ចប់ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និង លោកបណ្ឌិត លី ឆេង បានប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសជូន លោកបណ្ឌិត ចូហ្សេ រ៉ាមូស អរតា និងបានអញ្ជើញ លោកបណ្ឌិតប្រធានាធិបតី ចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍នា ឱកាសនោះផងដែរ ៕

To Top