ព័ត៌មានជាតិ

សិស្សប៊ែលធីនិទ្ទេស A ៩៩រូប ចែករំលែក បទពិសោធន៍ ដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ

ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំ ពិធីសំណេះសំណាល និងចែក រំលែកបទពិសោធន៍ សិក្សារបស់សិស្សប៊ែលធី និទ្ទេស A ចំនួន ៩៩រូប ជូនដល់សិស្សថ្នាក់ទី១២ ចំនួន ១,១៧៥នាក់ ដែលត្រូវប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុននេះ ។ ពិធីនេះ បានប្រព្រឹត្ត ទៅក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ ស្ថាបនិក និងជា អគ្គនាយក ប៊ែលធី គ្រុប ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឲ្យដឹងថា បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន ២៦សាខា ក្នុងនោះ ២៤សាខាកំពុងដំណើរការ និង ២សាខាកំពុងសាងសង់ ដែលមានបុគ្គលិកបម្រើការ សរុបចំនួន ២,៤៤៦នាក់ (នារី ១,០០៨នាក់) និងមានសិស្សានុសិស្ស កំពុងសិក្សាសរុបចំនួន ៥៨,១៨៤នាក់ (នារី ២៩,០៩២នាក់) ។

គិតត្រឹមឆ្នាំសិក្សា២០២០-២០២១ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន ១៤,៨៣៨នាក់ (ដប់បួនពាន់ ប្រាំបីរយសាមសិបប្រាំបីនាក់) ក្នុងនោះ ជាប់ ១២,៦៣០នាក់ (ដប់ពីរពាន់ ប្រាំមួយរយសាមសិបនាក់) ស្មើនឹង ៨៥.១២% និងទទួលបាន សិស្សនិទ្ទេសA ចំនួន ២១១នាក់ សិស្សពូកែទូទាំងរាជធានី ចំនួន ៩០នាក់ និងទូទាំងប្រទេស ចំនួន ២០នាក់។ ចំពោះ សិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានសញ្ញាបត្រចំនួនពីរ ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយ ក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែប សាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិ សម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ ។

ឋិតក្នុងពិធីនេះដែរ សិស្សនិទ្ទេស A ចំនួន ៥រូប តំណាង សិស្សនិទ្ទេស A ទាំង ៩៩រូប បានចែករំលែកបទ ពិសោធន៍ជោគជ័យ ដែលមានកត្តា រួមផ្សំសំខាន់ៗ ចំនួន៤ គឺ ១-កត្តាខ្លួនឯង ៖ ត្រូវខិតខំសិក្សារៀនសូត្រ និងមានគោលដៅ, ២-កត្តាគ្រួសារ៖ មាតាបិតាផ្តល់ឱកាសសិក្សា និងជំរុញលើកទឹកចិត្តបុត្រធីតា, ៣-កត្តាសាលា៖ មានកម្មវិធីសិក្សាល្អៗ កម្មវិធីសិក្សាបន្ថែមទាំង៩ គ្រូមានសមត្ថភាព បទពិសោធន៍ និងគរុកោសល្យ ព្រមទាំង មាន BELTEI App ជាជំនួយ ស្មារតីក្នុងការសិក្សា និង ៤-កត្តាសង្គម៖ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ដែលធ្វើឱ្យសិស្សមានឱកាស បានរៀនសូត្រ ខ្ជាប់ខ្ជួនទៅតាមកម្មវិធីសិក្សារបស់ក្រសួង និងសាលាបានដាក់ចុះ ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះ សិស្សនិទ្ទេស A ទាំង ៩៩រូប និងសិស្ស ជ័យលាភីទាំងអស់ ដែលបានយកចិត្តទុកដាក់ ខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូពន្យល់ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផល លំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួល បានជោគជ័យនាពេលនេះ។ ជាពិសេសបានចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួន ជូនដល់សិស្សប្អូន ជំនាន់ក្រោយ ដើម្បីជាទុន សម្រាប់ត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនាខាងមុននេះ ។ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះមាតាបិតា និង អាណាព្យាបាល សិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញកូនៗឲ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និង គោរពវិន័យ សាលា ព្រមទាំងសហការ យ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រង នៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ ។

ជាទីបញ្ចប់ លោកបណ្ឌិត បានប្រគល់លិខិតសរសើរ និងប្រាក់រង្វាន់ជូនដល់សិស្សនិទ្ទេស A ទាំង ៩៩រូប ព្រមទាំងនាយកសាខា និងលោកគ្រូ-អ្នកគ្រូ ថ្នាក់ទី១២ ដែលមានស្នាដៃបង្រៀនសិស្សទទួលបាននិទ្ទេស A ចំនួន ១៦៩រូប នាពេលនោះផងដែរ ៕

To Top