ព័ត៌មានជាតិ

ឃាត់ខ្លួន បុរសជាម្ចាស់រថយន្តឡិចស៊ីស៥៧០ ម្នាក់ ពាក់ព័ន្ធការបាញ់ សម្លាប់យុវជនម្នាក់ នៅតាមដងផ្លូវ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ បុរសង្ស័យវ័យជាង៤៥ ឆ្នាំ ម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាល ព្រហ្មទទណ្ឌ រាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានខណ្ឌសែនសុខ ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពី ជនសង្ស័យ រូបនេះ បានបាញ់សម្លាប់ យុវជនម្នាក់ បណ្តាលអោយស្លាប់យ៉ាង អាណោចអាធ័ម នៅលើដង ផ្លួវ ដោយសារតែ ខឹងនឹង ជនរងគ្រោះ បានជិះម៉ូតូ ប៉ះរថយន្តរបស់ខ្លួន ហើយ ព្យាយាម ជិះម៉ូតូគេចខ្លួននោះ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១និង២០នាទី នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅម្ដុំសាកលវិទ្យាល័យ IU ស្ថិតនៅ ចំណុចផ្លូវលេខ ១០១១ កែងជាមួយនឹងផ្លូវលេខ១៩៧៨ មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាល បានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ រិទ្ធិ ចិត្ត្រា ភេទ ប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅតាមផ្លូវលំ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះ ត្រួវបានបាញ់ ចំនួន ២គ្រាប់ចំខ្នងធ្លាយមកទ្រូង និង ត្រូវដួលស្លាប់នៅលើចិញ្ចើមផ្លូវ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងតែត្រូវបានឃាត់ខ្លួនជាបណ្តោះ អាសន្ន នៅឯ អធិការនគរបាលខ័ណ្ឌសែនសុខ ដើម្បីចាត់ការនីតិវិធីច្បាប់។ ចំណែកឯ សពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញ ប្រគល់ជូនសាច់ញាតិ ទទួលធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ លីហ្សា

To Top