ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនកម្មករ ដែលរងគ្រោះដោយពុលស្រា នៅក្រុមហ៊ុន ឡុងស្រេង ស្រុកស្ទឹងត្រង់

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អញ្ជើញ ចុះសួរសុខទុក្ខ បងប្អូនដែលជាកម្មករចល័តធ្វើការក្នុងចំការចេកអំបូងលឿង ក្រុមហ៊ុន ឡុងស្រេង ស្ថិតនៅភូមិ ៣៥ ឃុំព្រែកកក់ ស្រុក ស្ទឹងត្រង់ ចំនួន ៦៦នាក់ ដែលរងគ្រោះ ដោយពុលស្រា និង ចូលរួមរំលែកទុក្ខគ្រួសារសព ៣នាក់ ទៀត ដែល ពុលស្រាកម្រិតធ្ងន់ បណ្តាលអោយស្លាប់ បាត់បង់ជីវិត ។

ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារ រនៃសពកម្មករ ៣នាក់ ចំពោះការបាត់បង់ ប្តី ឪពុក ជាទីស្រឡាញ់ ដែលបាត់បង់ជីវិត ក្នុងហេតុការណ៍ ដែលមិននឹកស្មានដល់នេះ ។

លោក អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានក្តីបារម្ភ និងគិតគូរ  ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេង ៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយរំលែកមរណទុក្ខ ជួយដោះស្រាយទាន់ពេលវេលា  ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក   ទីនោះ មានកាកបាទ ក្រហមកម្ពុជា”។

ជាមួយគ្នានោះ លោកប្រធានគណ:កម្មាធិការសាខា បានលើកទឹក ចិត្ត ដល់ ក្រុមគ្រួសារសពទាំង ៣ អោយខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកំពស់ជីវភាពក្នុងគ្រួសារ ។ ចំពោះ បងប្អូន រងគ្រោះ ដែលបានជាសះស្បើយ ចេញពីមន្ទីរពេទ្យ ក៏ត្រូវប្រុងប្រយ័ត្ន ក្នុងការហូបចុក ពិសេស ត្រូវខិតខំថែសុខភាពអោយបានល្អ ដើម្បីបំពេញការងារអោយបានប្រក្រតី ឡើងវិញ ។

លោក អ៊ុន ចាន់ដា បានផ្តល់អំណោយរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ជូនកម្មកររងគ្រោះ ទាំង ៦៦ នាក់ , ក្នុងម្នាក់ៗ ទទួលបាន ៖ 
អង្ករ ៥០គក្រ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត ១សម្រាប់, អាវយឺត ៦ និង ថវិកា ២០០,០០០ រៀល ព្រមទាំងបានផ្តល់ជូនគ្រួសារសពទាំង ៣នាក់ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២ កេស ទឹកក្រូច ២ កេស  ត្រីខ ២០កំប៉ុង ,  មី ២កេស និង បច្ច័យចូលបុណ្យ  ចំនួន ១,០០០,០០០ រៀល៕

To Top