ភ្នំពេញ៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ ដ៏សំខាន់សម្រាប់ប្រជាជនចិន នៅពេលខាងមុខនេះ បន្ទាប់ពីចិន បើកប្រទេសឡើងវិញ។
នាឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ រួមជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោក វ៉ាង វិនធៀន បានបញ្ជាក់ថា «រដ្ឋាភិបាលចិន នឹងបើកអនុញ្ញាតប្រជាជនខ្លួន ធ្វើទេសចរណ៍នៅក្រៅប្រទេស ហើយការបើកនេះប្រទេសកម្ពុជា និងក្លាយជាប្រទេសជា គោលដៅទេសចរណ៍សំ ខាន់សម្រាប់ប្រជាជនចិន»។
នាឱកាសនោះ លោកទូត ក៏បានលើកឡើងថា ការកសាងស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ផ្លូវនេះ គឺជាសមិទ្ធផលថ្មីស្រឡាងមួយ សម្រាប់ជួយសម្រួលដល់ជីវភាព រស់នៅតំបន់សងខាងទន្លេមេគង្គ និងតភ្ជាប់គំរូថ្មីរវាង កម្ពុជា-ចិន ផងដែរ៕