ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវកែប្រែឥរិយាបថ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្ដ្រីនគរ បាលទាំងអស់ ត្រូវកែប្រែឥរិយាបថ ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាល។

ក្នុងពិធីប្រកាសតែងតាំងមុខតំណែង ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣​នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងអំពីស្នាដៃដែលសម្រេចបានរបស់កងកម្លាំងនគរបាលជាតិ ក្នុងការធានាបានយ៉ាង ល្អសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ និងទប់ស្កាត់ បង្ការ ព្រមទាំងបង្ក្រាបបទល្មើសបានជាបន្ដបន្ទាប់ ដែលធ្វើឲ្យបទល្មើសថយចុះ៩ភាគរយ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត បានបញ្ជាក់ថា «ណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវកែប្រែឥរិយាបថ ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាល»។

លើសពីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត បានបញ្ជាក់ទៀតថា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវផ្ដល់លេខទូរស័ព្ទ ទំនាក់ទំនងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីងាយស្រួលទំនាក់ទំនងនៅក្នុងករណីមានបញ្ហាកើតឡើង ឬពួកគាត់មានត្រូវការជំនួយណាមួយពីសមត្ថកិច្ច។

ដោយឡែក ចំពោះកងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដែលមានការខ្វះខាត នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំឲ្យត្រូវបញ្ជូនកម្លាំងពីស្រុក ឬពីខេត្ត ទៅជួយក្នុងរយៈពេលវែង ឬរយៈពេលខ្លីសមស្របណាមួយ ដើម្បីជួយធានាដល់ការបម្រើប្រជាពលរដ្ឋ ប៉ុន្ដែហាមដាច់ខាតការផ្ទេរចេញពីប៉ុស្ដិ៍នគរបាលរដ្ឋបាល ទៅស្រុក ឬខេត្ត ព្រោះកម្លាំងនៅប៉ុស្ដិ៍នគរបាលរដ្ឋជាកម្លាំងមួយដ៏សំខាន់។ ការងារនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានប្រាប់ទៅកាន់អធិការក្រុង ស្រុក និងស្នងការខេត្ត ត្រូវចាត់ចែងការងារនេះបន្ទាន់៕

To Top