ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៍មាន កម្ពុជា-ចិន បានលើកឡើងថា អ្នកសារព័ត៌មានសំណូមពរ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រី នៃកម្ពុជា មេត្តាពិចារណាយក ថ្ងៃទី១៤ មករា ជាទិវា «សេរីភាពសារព័ត៌មានកម្ពុជា» ជាផ្លូវការ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សយ សុភាព នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានសរសេរថា «ដោយថ្ងៃស្អែកជាថ្ងៃដ៏មហាកិត្តិយស សម្រាប់អ្នកសារព័ត៌មានកម្ពុជា ១៤ មករា ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញជា អធិបតីពិធីជួបជុំអ្នកសារព័ត៌មានប្រមាណ ៥០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ អ្នកសារព័ត៌មានខ្លះគោរពសំណូមពរ សុំសម្តេចតេជោ ហ៊ុន សែន មេត្តាពិចារណាដោយក្តីអនុគ្រោះបំផុតយក ១៤ មករាជាទិវាសេរីភាពសារព័ត៌មានកម្ពុជា ជាផ្លូវការ»។
លោក បន្ដថា «យើងមិនទាន់មានទិវាសេរីភាព សារព័ត៌មានខ្មែរនៅឡើយទេ ក្រៅតែពីការប្រារព្ធទិវាសេរីភាព សកលលោករបស់អង្កការសហ ប្រជាជាតិ ៣ឧសភា»។
លោក អគ្គនាយក ក៏បានថ្លែងអំណរគុណចំពោះលោក ខៀវ ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានរៀបចំឱ្យមានជំនួប ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មានកម្ពុជា។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នឹងជួបជាមួយអ្នកសារព័ត៌មានដោយផ្ទាល់ លើកទី៥ នៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ៕