ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញនូវ ពូជស្រូវ «ចំប៉ីស៧០» ដែលជាពូជស្រូវស្រាលក្រអូប ត្រូវសម្រេចបាន បន្ទាប់ពីធ្វើពិសោធន៍ និងបង្កាត់អស់រយៈពេល៩ឆ្នាំ ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) តាមរយៈការបង្កាត់ រវាងពូជស្រូវផ្ការំដួល ជាប្រភេទពូជស្រូវស្រាល ប្រកាន់រដូវ ដែលមានគុណភាពល្អប្រណីត ជាមួយនិងស្រឡាយស្រូវ CNI9024 ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវ មានដងដើមល្អមកពីប្រទេសចិន។
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-17_16-25-07-1024x682.jpg)
បើតាមក្រសួងកសិកម្ម បានឱ្យដឹងថា ពូជស្រូវ «ចំប៉ីស៧០» ជាឈ្មោះដែលផ្ដល់ដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅចុងឆ្នាំ២០២២ ហើយក្រោយពីនោះមក CARDI បានបញ្ចេញនិងផ្សព្វផ្សាយជូនកសិករ។
ដោយសារតែមានអាយុកាលខ្លី អាចច្រូតកាត់បានក្នុងរយៈពេលពី៩៣ទៅ៩៧ថ្ងៃ ក្រោយព្រោះ ឬសាប កសិករអាចដាំដុះពូជស្រូវ «ចំប៉ីស៧០» នេះ នៅដើមរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ) ក្នុងរដូវវស្សា (ដំណាំទី២នៃរដូវ) ចុងរដូវវស្សា ស្រូវប្រដេញទឹក (ដំណាំចន្លោះរដូវវស្សា និងរដូវប្រាំង) និងលក្ខខណ្ឌប្រាំងស្រោចស្រព។
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-17_16-25-11-1024x682.jpg)
ពូជស្រូវ «ចំប៉ីស៧០» អាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា។ គ្រាប់អង្ករសថ្លា វែងស្រឡូន ដែលមានប្រវែង ៧,៧មីល្លីម៉ែត្រ និងបន្ទា ២,០៦មីល្លីម៉ែត្រ ព្រមទាំងមានក្លិនក្រអូបប្រហើរ ដែលអាចមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្ដរជាតិ។
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)