ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម ស្នើ AFD សិក្សាដាក់បញ្ចូលគ្នា រវាងការទទួលបានកម្ចី និងការធានារ៉ាប់រង ដើម្បីជួយឲ្យកសិករ មានលទ្ធភាពសងត្រលប់

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យលោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា (AFD) សិក្សាពីការដាក់បញ្ចូលគ្នា រវាងការទទួលបានកម្ចី និងការធានារ៉ាប់រង ដើម្បីជួយឱ្យកសិករមានលទ្ធភាពសងត្រលប់ ។

ការស្នើរបស់រដ្ឋមន្ត្រីកសិកម្ម បែបនេះធ្វើឡើងនាថ្ងៃទី១៩ មករានេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា (AFD) ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី និងលោកស្រី Sandrine BOUCHER បានពិភាក្សាអំពីកម្មវិធី គម្រោងដែលកំពុងអនុវត្ត និងគម្រោងសម្រាប់ពេលអនាគត ក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងកសិកម្ម និងទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍប្រចាំនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកឡើងអំពីការបង្កើតគម្រោងថ្មី ដើម្បីបង្វែជីវភាពអ្នកនេសាទធម្មតា ឱ្យក្លាយទៅជាអ្នកជំនួញវារីវប្បកម្ម។ នៅក្នុងការអនុវត្តគម្រោងទៀតសោតលោក ឌិត ទីណា បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការគ្រប់គ្រងនិងការចំណាយថវិកា ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

លោក ឌិត ទីណា ក៏បានលើកឡើងផងដែរ អំពីការកាត់បន្ថយនូវថ្លៃដើម និងកម្លាំងពលកម្ម ដូចជាការប្រើប្រាស់ ថាមពលសូឡានៅពេលថ្ងៃ និងការប្រើប្រាស់ថាមពលអគ្គិសនី នៅពេលយប់សម្រាប់បូមទឹក ដែលមានតម្លៃទាបសម្រាប់វិស័យកសិកម្ម។

សូមបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍប្រចាំនៅកម្ពុជា គឺជាដៃគូសហប្រតិបត្តិការមួយចាំបាច់ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយក្នុងនោះរួមមានការអភិវឌ្ឍសមត្ថភាព ការស្រាវជ្រាវ និងការបង្កើតថ្មី ក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ និងទីផ្សារនាំចេញ ៕

To Top