ស្វាយរៀង ៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២៣បាន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅពិនិត្យ និងវាយតម្លៃផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន១ខ្សែ ប្រវែង ១១ គីឡូម៉ែត្រ និង៩០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅចុងខែមីនា ខាងមុខ ។ ផ្លូវនេះមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ១៨ ត្រង់ចំណុះភូមិអូរដូនអាម ឃុំព្រះពន្លា ទៅដល់ភូមិសំយ៉ោងឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៣ ។
ការចុះពិនិត្យនេះ មានការចូលរួមពីប្រតិភូអមដំណើរ លោកសុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត,លោកគឹម ធា សមាជិកព្រឹទ្ធសភា លោកសំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង និងអភិបាលស្រុកកំពង់រោទិ៍ ប្រជាពលរដ្ឋ អាជ្ញាធរដែនដីជាច្រើន នាក់ផងដែរ។
លោកបណ្ឌិតសភាចារ្យ បានបន្តថា៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងជាង ១១ គីឡូម៉ែត្រ ពីឃុំព្រះពន្លាទៅឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង សម្រេចបាន ៧០%ហើយ។នៅខេត្តស្វាយរៀង គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ មានចំនួន ៤ខ្សែ ប្រវែងសរុប ៥៧ គីឡូម៉ែត្រ និង២០ ម៉ែត្រ ក្នុងនោះមាន៖ ខ្សែទី១ មានប្រវែង ១១ គីឡូម៉ែត្រ និង០៩២ ម៉ែត្រ ចាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រុំ ។ ខ្សែទី២ មានប្រវែង ៩ គីឡូម៉ែត្រ និង១៦៦ ម៉ែត្រ ចាប់ពីផ្សារចេក ដល់ពងទឹក ស្រុករំដួល ។ ខ្សែទី៣ មានប្រវែង ២៤ គីឡូម៉ែត្រ និង៩៥៩ ម៉ែត្រ ចាប់ពីព្រៃគាល ដល់កំពង់អំពិល ស្រុករំដួល និងខ្សែទី៤ ដែលគ្រោងនឹងបញ្ចប់នៅចុងខែមីនា ខាងមុខនេះ មានប្រវែង ១១ គីឡូម៉ែត្រ និង៩០ ម៉ែត្រ ចាប់ពីឃុំព្រះពន្លា ទៅដល់ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ។
លោកបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានបន្តទៀតថា៖ គម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ ជាគម្រោងរបស់រាជរដ្ឋាភិបាល គ្រប់គ្រងដោយក្រសួង អភិវឌ្ឍន៍ជនបទ ដោយធ្វើការកែលម្អ ផ្លូវក្រាលក្រួសក្រហម នៅជនបទ ឲ្យទៅជាផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទ DBST និងផ្លូវបេតុងដើម្បី បង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរ និង ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ។
គម្រោងនេះមានគោលបំណង ធ្វើឲ្យប្រសើរឡើងដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋរស់នៅក្នុង ខេត្តគោលដៅទាំង ១០ ងាយស្រួលទៅកាន់ទីផ្សារ ស្វែងរកការងារធ្វើ ងាយស្រួលក្នុងការទទួលបានសេវាសង្គម និងផ្ដោតការយកចិត្តទុកដាក់ទៅ លើសុវត្ថិភាពសង្គម ភាពធននិង អាកាសធាតុ និងធ្វើឲ្យមានប្រសិទ្ធភាពធ្ចើដំណើរគ្រប់រដូវកាល ក្នុងតំបន់ដែលមានវិសាលភាព វិស័យកសិកម្មខ្ពស់ ។
លោកបណ្ឌិតរដ្ឋមន្រ្ដី អ៊ុក រ៉ាប៊ុន បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុន ដែលបានសាងសង់ផ្លូវនេះមានលក្ខណល្អប្រសើរ និងបានអំពាវនាវសុំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋដែលមាន ដែលមានលំនៅដ្ឋានតាមដងផ្លូវ ចូលរួមសហការឲ្យបានល្អ ជាមួយអ្នកទទួលការសាងសង់ ព្រមទាំងបានផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេស របស់ក្រុមហ៊ុន ប្រចាំការនៅការដ្ឋាន ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេសដើម្បីធានាបានទាំងគុណភាព និងសោភ័ណភាព ។
សូមបញ្ជាក់ថា៖ ខេត្តគោលដៅទាំង១០ នៃគម្រោង រួមមានខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និងខេត្តក្រចេះ នឹង ទទួលបានផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងប្រវែងសរុប ៧២៤ គីឡូម៉ែត្រ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង អភិវឌ្ឍន៍ជនបទ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ ។ គម្រោងនេះ ចាប់ផ្ដើមអនុវត្តពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ ដោយប្រើប្រាស់ថវិកាសរុប ១២០ លាន ដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទាន សម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនិហរ័ណ នៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ៕