នយោបាយ

បទវិភាគ ៖ មហាជនរំពឹងខ្ពស់ ពីទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅប្រទេសចិន

នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នឹងត្រូវអញ្ជើញចាកចេញពីកម្ពុជា ដើម្បីចាប់ផ្តើមការ បំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន។

ទស្សនកិច្ចនេះត្រូវ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ នៅកម្ពុជា ដោយក្នុងនោះ ទាំងយុវជន សង្គមស៊ីវិល អ្នកវិភាគ បង្ហាញពីក្តីរំពឹងខ្ពស់ ក្នុងការផ្តល់អត្ថប្រយោជន៍ ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា បន្ថែមទៀត ក្រោមកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្នុងនាម មិត្តភាពដែកថែប រវាងប្រទេសកម្ពុជា និងប្រទេសចិន។

ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិន នាពេលខាងមុខនេះដែរ ក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប ដែលរស់នៅក្នុងរាជធានីភ្នំពេញ លោកស្រី កង មុនីរ័ត្ន បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន ដោយរំពឹងខ្ពស់លើការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរ។

«ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាយើង ទៅកាន់ប្រទេសចិនហ្នឹង ជាដំណើរការដ៏ល្អមួយ គឺជាគោលដៅមួយ ដែលធ្វើឲ្យប្រទេស យើងទាំងពីរ បានពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ហើយមួយទៀត យើងសង្ឃឹមថា ប្រទេសយើងទាំងពីរនឹង មានទំនាក់ទំនងល្អនឹងគ្នា ហើយ ចិននឹងបានផ្តល់នូវជំនួយ ក៏ដូចជា ផ្នែកសេដ្ឋកិច្ច ផ្សេងៗ គឺធ្វើឲ្យប្រទេសយើងទាំងពីរ បានរីកចម្រើនទាំងសេដ្ឋកិច្ច ទាំងទេសចរណ៍ ដោយសារតែយើងមានចរន្តលំហូរ ទៅវិញទៅមក គឺនាំឲ្យប្រទេសយើងទាំងពីរ កាន់តែរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច ក៏ដូចជា ផ្នែកសេដ្ឋកិច្ចផងដែរ»។

ជាមួយគ្នានេះដែរ លោក យឹម អធិស័ក្តិ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនដែរថា អ្វីដែលរំពឹងខ្លាំងជាងគេ ពីដំណើរទស្សនកិច្ចនេះ គឺវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធនានា។ លោកសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងរឹតចំណងទំនាក់ទំនង មិត្តភាពដែបថែប ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យក្លាយជាដៃគូសហការ មានជោគវាសនា លើសហគមន៍តែមួយ។

«ខ្ញុំរំពឹង ទី១ ចំពោះការដែលសម្តេចតេជោ លោកទៅចិននេះ គឺខាងផ្នែកវិស័យទេសចរណ៍ មានន័យថា ប្រសិនបើសម្តេចអញ្ជើញទៅ មានការសម្របសម្រួល ជាមួយរដ្ឋាភិបាលចិន ដើម្បីឲ្យបង្កើនជើងហោះហើរត្រង់ទៅវិញទៅមក ឲ្យកាន់តែច្រើនជាងមុន … មួយវិញទៀត គឺការចូលរួមក្នុងអភិវឌ្ឍប្រទេសរបស់យើង ដូចជា ការកសាងផ្លូវថ្នល់ សាលារៀន ឬ មន្ទីរពេទ្យ ឬ ការកសាងផ្សេងៗទៀត ទៅតាមការចុះនូវ MOU រវាងកម្ពុជា ជាមួយនឹងចិនបន្ថែមទៀត»។

រីឯខាងសង្គមស៊ីវិលវិញ មើលឃើញថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅប្រទេសចិន នាពេលខាងមុខនេះ នឹងផ្តល់ផលប្រយោជន៍ដ៏មហិមា ដល់ប្រជាជន និងប្រទេសកម្ពុជា នេះគឺ ជាការលើកឡើងរបស់ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិនប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន។

លោកបណ្ឌិតបានបន្ថែមទៀតថា «ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅ សាធារណរដ្ឋមានិតចិននឹង ផ្តល់ផលប្រយោជន៍ដ៏មហិមា ដល់ប្រជាជន និងប្រទេសកម្ពុជា..គឺ បង្កើនការរឹតចំណងមិត្តភាព ជាប្រពៃណីរ វាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ដែលជាពិសេស ចំណងដ៏ល្អប្រសើរ ដ៏ប្រពៃ រវាងប្រជាជននិងប្រជាជន នៃប្រទេសយើងទាំងពីរ ពង្រីកទំហំកាន់តែធំនិងទូលាយ លើវិស័យវិនិយោគនិងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ដែលមិនត្រឹមតែមានក្នុងកម្រិតទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងក្នុងកម្រិតពហុភាគី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ជាដើម, បន្តពន្លាតទំហំនៃគម្រោងនានា ជាច្រើន ក្នុងរង្វង់នៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ជាពិសេស គម្រោងផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿនលឿន និងគម្រោងដទៃទៀតជាច្រើន ដែលនឹងគ្រោងអនុវត្ត ក្នុងប្រទេសកម្ពុជា» ។

រីឯចំពោះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន អំពីការរំពឹងទុកចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិនដែរថា «បើសិនជាយើងពិនិត្យទៅលើទំនាក់ទំនងកម្ពុជានិងចិន ប្រហែលជាគេត្រូវមើលមុនគេបំផុត គឺទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និង ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ចិន នៅក្នុងប្រទេសកម្ពុជា អញ្ចឹង យើងសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ ទំហំវិនិយោគចិន កាន់តែមានទំហំធំ ការផ្លាស់ប្តូរពាណិជ្ជកម្ម ក៏កាន់តែច្រើន ហើយជំនួយសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មានផ្លូល្បឿនលឿន ផ្លូវជាតិនានា ក៏ដូចជា ព្រលានយន្តហោះ និងកំពង់ផែ ជាដើម គឺកាន់តែមានគម្រោងច្រើនថែមទៀត ក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមនៃខ្សែក្រវាត់និងផ្លូវផង និងក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមសកល ដែលលោក Xi Jinping ទើបប្រកាសកាលពីឆ្នាំកន្លងទៅ យើងសង្ឃឹមួយទៀត សង្ឃឹមថា ភ្ញៀវទេសចរចិននឹងអញ្ជើញមកលេងប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើន»។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគ្រោង នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top