ព័ត៌មានជាតិ

កម្ពុជា នឹងក្លាយជាប្រទេសផលិត គ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុតនៅ លើពិភពលោក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ប្រទេសកម្ពុជានឹងអាចក្លាយជាប្រទេស ផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុតលើពិភពលោកនាពេលអនាគតខណៈបច្ចុប្បន្នការនាំចេញទៅកាន់ទីផ្សារអន្តរជាតិមានកំណើនជាលំដាប់។

ក្នុងពិធីបើកជាផ្លូវការ នូវពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ប្រារព្ធធ្វើឡើងនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលបច្ចុប្បន្ននេះ ការនាំចេញគ្រប់ស្វាយចន្ទី ពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានជាង ១លាន ១៨ម៉ឺនតោន រួចស្រេចទៅហើយ។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំកំពុងតែស្រមើលស្រមៃថា ប្រទេសរបស់យើង នឹងក្លាយទៅជាប្រទេស ដែលផលិតគ្រាប់ស្វាយចន្ទីច្រើនបំផុត នៅលើពិភពលោក។ មកដល់បច្ចុប្បន្ននេះ យើងបានទៅហួសប្រទេសកូឌីវ័រ ដែលមានត្រឹម ១លាន ១សែនតោន។ ឥឡូវ យើងមាន ១លាន ១៨ម៉ឺនតោនរួចស្រេចទៅហើយ»។

សម្ដេចតេជោ បន្ដថា «ដូច្នេះខ្ញុំសង្ឃឹមថា កម្ពុជា នាពេលអនាគត បន្ទាប់ពីមានសន្តិភាព បូកជាមួយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺមួយផ្នែក ទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺផលិតកម្ម ដែលបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់ទេសចរនោះឯង»៕

To Top