ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំ​អាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវប្រាប់ ពលរដ្ឋឱ្យស្គាល់បន្ទាត់ព្រំដែន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ ត្រូវធ្វើការណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យស្គាល់បន្ទាត់ព្រំដែន​ព្រោះមានពលរដ្ឋមួយចំនួន មិនទាន់ស្គាល់បន្ទាត់ព្រំដែនខ្លួនឯង។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេច ស ខេង បានណែនាំគ្រប់ក្រសួង-ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ ជាពិសេស ស្ថាប័ន-អង្គភាព ដែលមានមន្ត្រីបម្រើការងារនៅតាមខ្សែបន្ទាត់ព្រំដែន និងខេត្តជាប់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបការ ចរាចរណ៍ការជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ឆ្លងកាត់ព្រំដែនឲ្យមានប្រសិទ្ធភាពខ្ពស់។

សម្ដេច បន្ដថា អាជ្ញាធរ​ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងអនុវត្តនូវសកម្មភាព ត្រួតពិនិត្យ លើមធ្យោបាយដឹកជញ្ជូនធ្វើដំណើរតាមខ្សែបន្ទាត់ព្រំដែន ដូចដែលបាននិងកំពុងអនុវត្តសម្រាប់ផែនការ ប្រតិបត្តិការ នៃគម្រោងសុវត្ថិភាពទន្លេមេគង្គ និងធ្វើការពិនិត្យ ដកស្រង់បទពិសោធន៍ចេញពីការធ្វើលំហាត់ត្រួតពិនិត្យគ្រឿងញៀន ឆ្លងដែន នៃយន្តការការិយាល័យទំនាក់ទំនងព្រំដែន (BLO) សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការអនុវត្តការងារត្រួតពិនិត្យគ្រឿងញៀនឆ្លងដែនទៅថ្ងៃខាងមុខ។

សម្ដេច ឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា «សូមឲ្យខេត្តជាប់ព្រំដែន ទាំងចៅហ្វាយខេត្ត ទាំងមេប៉ូលីស ទាក់ទងខាងភាគីមិត្ត ទាំងឡាវ ទាំងថៃ ទាំងវៀតណាម រកច្បាប់របស់គាត់ដែលពាក់ព័ន្ធការពារធនធានធម្មជាតិនេះ ហើយយកមកផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយើង ឲ្យគាត់ស្គាល់ពីបន្ទាត់ព្រំដែនផង ដើរចូលទៅអត់ដឹងថា អាហ្នឹងដីវៀតណាម ដីថៃ​ ឬក៏ដីឡាវ ផង ក៏មាន អាហ្នឹង ខ្ញុំ ឯកភាព ត្រូវមានទំនាក់ទំនង»។

លើសពីនេះ សម្ដេច ស ខេង បន្ដថា ចំពោះមន្ដ្រីថ្នាក់ជាតិ ក៏ត្រូវមើលប្រទេសជិតខាងកម្ពុជា ដើម្បីរួមគ្នាដោះស្រាយនៅតាមព្រំដែនក្នុងករណីមានអ្វីកើតឡើងមួយ។ សម្ដេច ថា បើសិនមានបញ្ហាប្រឈមអ្វីមួយ អាជ្ញាធរជាប់ព្រំដែន ត្រូវរាយការណ៍មកថ្នាក់ជាតិ ដើម្បីសុំយោបល់ហើយដោះស្រាយរឿងទាំងនោះ៕

To Top