ព័ត៌មានជាតិ

ភាពខុសគ្នារវាងជាតិសាសន៍ និងសាសនា ពុំមែនជាឧបសគ្គនៃការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការខុសគ្នាខាងជាតិសាសន៍ និងសាសនា ពុំមែនជាឧបសគ្គ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះទេ ហើយអាជ្ញាធរ ត្រូវផ្ដល់លក្ខណៈងាយស្រួល ដល់ការគោរពប្រណិប័តន៍ជំនឿសាសនា។

នាឱកាសអញ្ជើញចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៧ រួមជាមួយ លោក Anwar Bin Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់សេរីភាពជំនឿសាសនា លើកកម្ពស់ចីរភាពនៃសុខដុមនីយកម្ម ជំនឿសាសនា និងសុខសន្តិភាព ដែលជាកត្តាដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបានសម្រាប់គ្រប់ការអភិវឌ្ឍប្រទេសជាតិ និងវិបុលភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា។

សម្ដេចតេជោ គូសបញ្ជាក់ថា «ការខុសគ្នាខាងជាតិសាសន៍ និងសាសនា ពុំមែនជាឧបសគ្គ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះទេ។ យើងចូលរួមគ្រប់និន្នាការ គ្រប់ជាតិសាសន៍ និងសាសនា ដើម្បីដំណើរជាតិឆ្ពោះទៅដល់ការរីកចម្រើន នៃប្រទេសជាតិរបស់យើង»។

សម្ដេចតេជោ បន្ដថា ក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាក្នុងការផ្តល់លក្ខណៈងាយស្រួលដល់ការគោរពប្រណិប័តន៍ជំនឿសាសនា សហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងសហគមន៍សាសនា ដោយឈរលើគោលការណ៍សុខដុមនីយកម្មជំនឿសាសនា និងសម្រួលដល់ការងារកសាងវិហារឥស្លាម នៅតាមបណ្តាភូមិ ដែលមានសាសនិកឥស្លាមរស់នៅច្រើន តាមតម្រូវការជាក់ស្តែង។

សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានបន្ថែមថា គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ដើម្បីកៀរគរ ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសំដៅរួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍ខ្មែរឥស្លាម តាមរយៈការអភិវឌ្ឍមូលធនមនុស្សសម្រាប់ការទទួល និងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដល់សហគមន៍ខ្មែរឥស្លាម៕

To Top