ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការគ្នាឲ្យបានស្អិតរមួត ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ចុះធ្វើការត្រួតពិនិត្យនៅតាមមន្ទីរពេទ្យ គ្លីនិកឯកជន នៅក្នុងរាជធានីភ្នំពេញទាំងអស់ បើទោះបីមានច្បាប់ ឬមិនមានច្បាប់។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-28_11-51-21-1024x682.jpg)
ការណែនាំបែបនេះ របស់លោក ឃួង ស្រេង ធ្វើឡើងនាព្រឹកថ្ងៃ២៨ មីនា ក្នុងពិធីបើកសន្និបាតបូកសរុប សមិទ្ធផលសុខាភិបាលឆ្នាំ២០២២ របស់មន្ទីរសុខាភិបាល ។ ការឲ្យចុះពិនិត្យមន្ទីរពេទ្យ និងពេទ្យឯកជននេះ ក៏ដោយសារកន្លងមកមានករណីធ្វេសប្រហែសធ្វើឲ្យអ្នកជំងឺស្លាប់ ។
លោក ឃួង ស្រេង បន្តថា បុគ្គលិកពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបំពេញការងារយ៉ាងល្អ នាពេលកន្លងមក ពិសេសក្នុងយុទ្ធនាការ នៃការបង្ការទប់ស្កាត់ជំងឺ covid-19 ។ មន្ទីរពេទ្យមានសមត្ថភាពគ្រប់គ្រាន់ មិនចាញ់គ្រូពេទ្យបរទេសនោះទេ។ អ្វីដែលខ្វះខាតនោះ គឺមិនទាន់មានម៉ាស៊ីនទំនើបៗ ដូចបណ្ដាប្រទេសជឿនលឿនមួយចំនួន តែសមត្ថភាពគ្រូពេទ្យមិនអន់នោះទេ។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-28_11-51-25-1024x682.jpg)
លោកបានណែនាំ ឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវចុះអនុស្សារណៈយោគយល់(MOU)ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីបំពេញការងារ លើវិស័យសុខាភិបាល ដើម្បីឲ្យសុខភាពប្រជាពលរដ្ឋកាន់តែប្រសើរ ថែមមួយកម្រិតទៀត។ មន្ទីរសុខាភិបាលត្រូវ បន្តការសហការជាមួយអាជ្ញាធរខណ្ឌចុះធ្វើការត្រួតពិនិត្យ នៅតាមមន្ទីរពេទ្យ គ្លីនិកឯកជន នៅក្នុងរាជធានីភ្នំពេញទាំងអស់ បើទោះបីមានច្បាប់ឬមិនមានច្បាប់ដោយមិនអាចទុកឲ្យមានអ្នកជំងឺស្លាប់ ទើបចុះពិនិត្យ និងបិទអាជីវកម្មនោះទេ។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-28_11-51-31-1024x682.jpg)
បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានធ្វើការណែនាំមណ្ឌលសុខភាព មន្ទីរពេទ្យនានា ជាមន្ទីរពេទ្យដែលមានបរិស្ថាន អនាម័យល្អ។ អ្វីដែលល្អបំផុត គឺការអនុវត្តការងារជាក្រុម។ ដោយមើលឃើញពីបញ្ហានេះ ទើបរាជរដ្ឋាភិបាល ប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ សំដៅឲ្យការផ្តល់សេវា ត្រូវតែនៅគៀកកិត និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋ។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-28_11-51-35-1024x682.jpg)
ផ្អែកលើរបាយកាណ៍របស់លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ឆ្នាំ២០២២ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានលទ្ធផលយ៉ាងធំធេង គួរជាទីមោទក។ លទ្ធផលទាំងនេះ បានមកពីការខិតខំ ប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយមានការគាំទ្រពីអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដៃគូអភិវឌ្ឍន៍សុខាភិបាល និងការចូលរួមរបស់សហគមន៍។ កត្តាគន្លឹះដែលនាំឲ្យសំរេចបាននូវសមិទ្ធផលខាងលើ ដោយមានការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)