ភ្នំពេញៈ បណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ អញ្ជើញសម្ពោធសណ្ឋាគារ Fairfield by Marriott Phnom Penh រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

លោក សូមចូលរួមអបអរសាទរ ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់នៃក្រុមហ៊ុន ជីប ម៉ុង ចំពោះការសម្ពោធដាក់ ឱ្យដំណើរការសណ្ឋាគារ Fairfield by Marriott Phnom Penh ដែលជាសណ្ឋាគារលំដាប់អន្តរជាតិ ដ៏ទំនើបប្រកបដោយសេវាកម្ម សម្បូណ៌បែប ហើយអគារ Chip Mong Tower ក៏បានក្លាយទៅជានិមិត្តរូបដ៏លេចធ្លោ និងជាអត្តសញ្ញាណមួយថ្មីរបស់រាជធានីភ្នំពេញ។

លោកបណ្ឌិត សូមវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Marriott ដែលបន្តមានជំនឿទុកចិត្ត លើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា តាមរយៈការពង្រីកបង្កើតសណ្ឋាគារទី២ របស់ខ្លួន នៅក្នុងរាជធានីភ្នំពេញ ដែលជាចំណុចស្នូល ប្រកបដោយសក្តានុពលមួយ ក្នុងចំណោមបណ្តាញទីក្រុងសំខាន់ៗ ដទៃទៀត ក្នុងការផ្សារភ្ជាប់រំហូរនៃទំនាក់ទំនង នយោបាយ, សេដ្ឋកិច្ច, វប្បធម៌, វិនិយោគ, ធុរកិច្ច និងទេសចរណ៍របស់តំបន់ និងសកលលោក ។

លោក ម៉ាណែត រំលេចថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត, ភាពឈ្លាសវៃ និងភាពបុរេសកម្មរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី, កម្ពុជាបានក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់ និងសកលលោក ដោយរាជរដ្ឋាភិបាលអាចគ្រប់គ្រងសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានយ៉ាងល្អប្រសើរ និងបានបង្កលទ្ធភាពឱ្យកម្ពុជា បើកប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យប្រកបដោយភាពជឿជាក់ និងសុវត្ថិភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមក ។ រាជរដ្ឋាភិបាល ថែមទាំងបានប្រែក្លាយដំណាក់កាល នៃការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ឱ្យទៅជាឱកាស នៃការកែលម្អ ដោយបានធ្វើទំនើបកម្មរចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្រុងព្រះសីហនុ និងក្រុងសៀមរាប-អង្គរ ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់ ដើម្បីទាក់ទាញ និងទទួលភ្ញៀវទេសចរណ៍ នៅពេលដែលប្រទេសត្រូវ បានបើកដំណើរការពេញលេញឡើងវិញ ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវផែនការ មេសម្រាប់អភិវឌ្ឍ វិស័យទេសចរណ៍ នៅតាមប៉ូលទេសចរណ៍សំខាន់ៗនានា សំដៅកសាងឡើងវិញ នូវមូលដ្ឋានអភិវឌ្ឍន៍ នៃវិស័យទេសចរណ៍ ដែលមានភាពប្រទាក់ក្រឡា និង ភាពទាក់ទាញជាងមុន។ រាជរដ្ឋាភិបាលក៏មានសង្ឃឹមថា វិស័យឯកជននឹងចូលរួម ដើម្បីឈានទៅសម្រេចនូវ គោលបំណងទាំងនេះ ដូចមានការវិនិយោគបង្កើតសណ្ឋាគារ Fairfield by Marriott Phnom Penh នេះជាសក្ខីភាពស្រាប់។

លោក បន្ថែមថា ស្របពេលដែលសកម្មភាពសង្គម-សេដ្ឋកិច្ច បានវិលត្រឡប់មកជាធម្មតាឡើងវិញ វិស័យទេសចរណ៍កម្ពុជា បានងើបឡើងជាបណ្តើរៗប្រកបដោយទំនុកចិត្តខ្ពស់ ដោយនៅឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិ រហូតប្រមាណ ២,២៨ លាននាក់ ដែលជាកំណើនដល់ជាង ១០ ដង បើធៀបទៅនឹងឆ្នាំ២០២១។ ប្រភពចំណូលពីវិស័យទេសចរណ៍របស់កម្ពុជា ក៏បានកើនដល់ទៅជាង ៦ ដង ក្នុងអំឡុងពេលដូចគ្នា ហើយកំណើននេះក៏បានបង្កើតនូវមុខរបរ និងការងារទេសចរណ៍ ជូនដល់ប្រជាជនប្រមាណ ៣២ ម៉ឺននាក់ផងដែរ ។ ឈរលើមូលដ្ឋាននេះ ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ច របស់កម្ពុជាទាំងមូល នឹងកាន់តែមានភាពវិជ្ជមានល្អសម្រាប់ពេលខាងមុខ។ និន្នាការនេះ ក៏ជាសញ្ញាវិជ្ជមានដ៏ប្រសើរ នៃប្រតិបត្តិការក្នុងអនុវិស័យសណ្ឋាគារក្នុងរយៈពេលវែង និងមធ្យម ជាពិសេសខណៈដែលឆ្នាំ២០២៣ នេះ កម្ពុជាក៏កំពុងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជា៖ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

លោក ម៉ាណែត បន្តថា ស្របពេលដែលរាជរដ្ឋាភិបាល កំពុងចាត់ទុកការអភិវឌ្ឍធនធាន មនុស្សជាអាទិភាពចម្បង ដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារ ក្នុងពេលបច្ចុប្បន្ន និងអនាគត, វត្តមានរបស់សណ្ឋាគារ Fairfield by Marriott Phnom Penh លំដាប់អន្តរជាតិមួយនេះ គឺអាចនឹងចូលរួមពង្រឹង ធនធានមនុស្សកម្ពុជា តាមរយៈការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ការបណ្តុះបណ្តាលជំនាញថ្មី (Re-skilling) និងការបង្កើន ចំណេះដឹងបន្ថែម (Upskilling) ដល់បុគ្គលិក-និយោជិតរបស់ខ្លួន តាមរយៈការផ្តល់ការគាំទ្រ ដល់សិស្ស-និស្សិត ដែលបានបញ្ចប់ការ សិក្សាពីសាកលវិទ្យាល័យ ឬវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនានានៅកម្ពុជា ឱ្យទទួលបាននូវឱកាសការងារ ឬឱកាសចុះកម្មសិក្សា ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ជាលក្ខណៈស្តង់ដារអន្តរជាតិ៕











