ព័ត៌មានជាតិ

ពលរដ្ឋនៅភូមិបុសពោធិ៍ ឯកភាពកាយដីដាក់លូ ក្នុងដំណើរការស្តារប្រឡាយ តាមការណែនាំរបស់ អភិបាលខេត្តកំពង់ចាម 

កំពង់ចាម ៖ ប្រជាពលរដ្ឋ មានលំនៅឋានប្រមាណជា ៤ ទីតាំង ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរ ការគម្រោងស្តារប្រឡាយ មេសជ្រៃ ស្ថិតនៅក្នុងភូមិបុសពោធិ៍ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ បច្ចុប្បន្នម្ចាស់លំនៅដ្ឋានទាំងនោះ បានឯកភាពជាមួយអាជ្ញាធរដែនដី និងមន្ត្រីជំនាញ តាមការណែនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម យល់ព្រមជីកកាយដី ដើម្បីស្ដារប្រឡាយ និងដាក់លូនៅមុខលំនៅដ្ឋានរបស់ខ្លួន ។

បើតាម លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឱ្យដឹងថា នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីទទួលបានការណែនាំពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រូបលោក រួមជាមួយ លោក ឃឹម ចិន្តា លោក ស៊ាន សុគុន លោក អៀង ថៃហុង អភិបាលរងស្រុកស្ទឹងត្រង់ និងក្រុមប្រឹក្សាឃុំ បានចុះពិនិត្យទីតាំង ស្តារប្រឡាយមេ សជ្រៃ ជាលទ្ធផលឃើញថា បងប្អូនប្រជាពលរដ្ឋ បានឯកភាពសហការជាមួយអាជ្ញាធរ ទទួលយកក្នុងការកាយដី និងដាក់លូ តាមទីតាំងកំណត់ស្តារប្រឡាយនេះ។ ដោយឡែកខាងស្ថានីយ៏ប្រេង តេលា ម្ចាស់ស្ថានីយ បានយល់ព្រម កាយដីដាក់លូ មុខកាត់ ១ ម៉ែត្រ ដោយខ្លួនឯង និងបានសន្យាខិតខំធ្វើឲ្យបានឆាប់រហ័សទៀតផង ។

លោក អ៊ុម វិបុល ឲ្យដឹងទៀតថា គម្រោងស្តារប្រឡាយ មេសរជ្រៃ ចាប់ផ្តើមអនុវត្តន៏ នៅថ្ងៃទី ១១ – ១៥ ខែមេសា ឆ្នាំ ២០២៣ មានប្រវែងសរុប ១,២០០ ម៉ែត្រ លុះស្តារបានប្រវែង ៥៥០ ម៉ែត្រ មន្ទីរធនធានទឹក និងឧុនិយមខេត្ត ក៏បានផ្អាកសិន ដោយមានម្ចាស់ដីឃ្លាំងទិញដំឡូង , ម្ចាស់ផ្ទះត្រចៀកកាំ និងម្ចាស់ស្ថានីយ៏ប្រេង តេលា មិនឯកភាពអោយកាយបន្ត។ ប៉ុន្តែ ក្រោយពីបានការណែនាំ ពី លោក អ៊ុន ចាន់ដា អភិបាលខេត្ត នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ លោកបានដឹកនាំក្រុមការងារ ចុះជួបជាមួយអ្នកពាក់ព័ន្ធដើម្បីរកដំណោះស្រាយ និងធ្វើកិច្ចសន្យា ទើបទទួលបានការឯកភាពគ្នាឲ្យដំណើរការបន្ត ដែលមានលទ្ធផលដូចពេលនេះ ៕

To Top