ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសំណូមពរ ដល់កងកម្លាំងនគរបាលជាតិ ត្រូវយកចិត្តទុកដាក់ពង្រឹង ស្មារតីទទួលខុសត្រូវ បំពេញបេសកកម្មរបស់ខ្លួន ឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ព្រមទាំងរក្សាបាននូវអព្យាក្រឹតភាព ក្នុងអំឡុងពេលបោះឆ្នោត នាពេលខាងមុខនេះ ។
យោងតាមសារលិខិត ជូនពរកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៧៨ ថ្ងៃកំណើត នគរបាលជាតិ សម្ដេច ស ខេង បានគូសបញ្ជាក់ថា «ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមគណៈ បញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ខ្ញុំសំណូមពរដល់កងកម្លាំង នគរបាលជាតិ ដែលមានតួនាទី ជាភ្នាក់ងារសន្តិសុខបោះឆ្នោត សូមយកចិត្តទុកដាក់ពង្រឹងស្មារតីទទួលខុសត្រូវ បំពេញបេសកកម្មរបស់ខ្លួន ឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ដោយគោរពតាមច្បាប់ បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវក្រមសីលធម៌ ព្រមទាំងរក្សាបាននូវអព្យាក្រឹតភាព ក្នុងនាមជាភ្នាក់ងារសន្តិសុខបោះឆ្នោត»។

នាឱកាសនោះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី លើកឡើងថា សម្រាប់ឆ្នាំ២០២៣នេះ កងកម្លាំងនគរបាលជាតិ ទូទាំងប្រទេស ត្រូវបន្តបេសកកម្ម ដើម្បីធានាឱ្យបាននូវបរិយាកាសសន្តិសុខ ប្រកបដោយភាពវិជ្ជមាន និងដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្តាលមក ពីឥទ្ធិពលក្នុងតំបន់ និងសកលលោក ក៏ដូចជាការបន្តចាត់វិធានការបង្ការបង្ក្រាបបទឧក្រិដ្ឋឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ពិសេសស្ត្រី-កុមារ បទល្មើសបច្ចកវិទ្យា ។
សម្ដេច បន្ដថា ឆ្លើយតបចំពោះភាពម្ចាស់ការលើសភាពការណ៍ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ រួមមាន ៖ ការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកំពុងប្រព្រឹត្តទៅ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងរៀបចំ នាពេលខាងមុខ និងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យដំណើរការប្រកបដោយភាព ស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងគ្មានការបំភិតបំភ័យ ។
លើសពីនេះ សម្ដេច ស ខេង មានសេចក្តីសង្ឃឹម និងជឿជាក់ យ៉ាងមុតមាំថា កងកម្លាំងនគរបាលជាតិ គ្រប់ជាន់ថ្នាក់នឹងបន្តអភិវឌ្ឍខ្លួន ឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងនាមជាសេវាករបម្រើប្រជាពលរដ្ឋ ប្រកបដោយគុណធម៌ សីលធម៌ និងមានមនសិការវិជ្ជាជីវៈ លើកកម្ពស់សក្ដានុពល និងកិត្តិយស សេចក្តីថ្លៃថ្នូរ ឈរយ៉ាងរឹងមាំ ជាសសរស្ដម្ភ នៃសន្តិសុខ សុវត្ថិភាពសង្គម ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ គ្រប់កាលៈទេសៈ ៕
