ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យមន្ត្រីនៅថ្នាក់មូលដ្ឋាន ទូទាំង១០៥សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់ ពីប្រជាពលរដ្ឋក្រៅសេវា។
ការជំរុញបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រ ព្រីនធ័រ ជូនយន្តការច្រកចេញចូលតែមួយ សង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ។
ក្នុងពិធីខាងលើនេះ លោក ឃួង ស្រេង មានប្រសាសន៍ថា ប្រជាជនយើងស៊ីវីល័យហើយ ដូច្នេះយើងជាមន្ត្រីបំរើសេវាជូនពួកគាត់ ត្រូវតែស៊ីវីល័យ ពោលគឺការផ្តល់សេវាជូនពួកគាត់ ត្រូវតែធ្វើឡើងឲ្យបានល្អ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់ពួកគាត់ ក្រៅសេវាឲ្យសោះ។
លោកបន្តទៀតថា ក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋ នៅតាមច្រកចេញ ចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនអោយបានច្បាស់លាស់ ទី១ ត្រូវពន្លឿនការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានលឿន និងទី២ គឺការកាត់ចំណាយរបស់ប្រជាពលរដ្ឋ ពីការផ្តល់សេវាសាធារណៈនេះ មិនត្រូវយកតំលៃក្រៅសេវា ពីប្រជាពលរដ្ឋជាដាច់ខាត កុំធ្វើឲ្យមានកំហុស បើខុសឆ្លងនឹងមានទោសទណ្ឌហើយ ដូច្នេះត្រូវធ្វើកិច្ចការងារនេះ ឲ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈ ។
ទោះជាយ៉ាងណាក្តី លោក ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរ ចំពោះមន្ត្រីរទាំង១៤ខណ្ឌផងដែរ ដែលបានបំរើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ។
លោក ឃួង ស្រេង បន្តទៀតថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានបើកកិច្ចប្រជុំធំៗជាច្រើន ទទួលបានជោគជ័យ ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ឧសភា កន្លងមកនេះ ប្រទេសកម្ពុជា ក៏បានបិទបញ្ចប់ព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអគ្នេយ៍ លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយជោគជ័យ ទទួលបានភាពល្បីល្បាញ នៅលើឆាកអន្តរជាតិ។ ទាំងនេះពិតជាកើតឡើងពីការចូលរួមចំណែក យ៉ាងពិតប្រាកដពីសំណាក់មន្ត្រី នៅថ្នាក់មូលដ្ឋានរបស់យើង។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់កុំព្យូទ័រ ព្រីនធ័រ ចំនួន១០៥គ្រឿង ជូនយន្តការច្រកចេញចូលតែមួយ នៅតាមសង្កាត់ទាំង១០៥ ដោយក្នុងមួយសង្កាត់ ទទួលបានកុំព្យូទ័រ ១គ្រឿង និងព្រីនធ័រ ១គ្រឿង សម្រាប់យកទៅបំពេញការងារ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន៕