ព័ត៌មានជាតិ

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល ជនបង្គោលយេនឌ័រ

ភ្នំពេញ ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ជនបង្គោលយេនឌ័រ ក្រោមឱវាទក្រសួងការងារ ដើម្បីបំប៉នសមត្ថភាពបន្ថែម ក្នុងការអនុវត្តផែនការសកម្មភាព វិធានការ គោលនយោបាយច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា ពាក់ព័ន្ធនឹងការលើកកម្ពស់ សមភាពយេនឌ័រ លើកកម្ពស់តម្លៃស្ត្រីឲ្យកាន់តែប្រសើរថែមទៀត ។

លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ២៣-២៥ ឧសភា មានសិក្ខាកាមចូលរួមប្រមាណជិត៣០០នាក់ ។ វគ្គបណ្តុះបណ្តាលនេះដែរ នឹងផ្តល់ការចែករំលែកនូវបទពិសោធន៍ ដ៏ល្អសម្បូរបែប និងមានតម្លៃ ក្នុងគោលបំណងពង្រឹង សមត្ថភាពបន្ថែមដល់ជនបង្គោលយេនឌ័រ តាមអង្គភាពក្រោមឱវាទក្រសួង ។

លោកស្រីរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានលើកឡើងដែរថា កម្ពុជាមានស្ត្រីដល់ទៅ៥១ភាគរយនៃប្រជាជនសរុប ប៉ុន្តែការផ្ដល់ឱកាសការអប់រំ ដល់ស្ត្រីនៅមានកម្រិត ទើបរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិ លើកម្ពស់សីលធម៌សង្គមតម្លៃស្រ្តី និងគ្រួសារខ្មែរ គោលនយោបាយជាតិ វិធានការណ៍នានាក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងយន្តការបញ្ជ្រាបយេនឌ័រ នៅកម្ពុជា ។ នៅឆ្នាំ២០២៣ ទើបនឹងបង្កើតក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី និងដាក់ចេញផែនការសកម្មភាព ការងារឆ្នាំ២០២៤ផងដែរ ។

លោកស្រីបញ្ជាក់ថា “ទោះជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវការវិនិយោគបន្ថែម ដើម្បីបំពេញចំណុចខ្វះខាតរបស់ស្ត្រី ។ ហេតុដូច្នេះហើយបានជាថ្ងៃនេះ មានការបំពាក់បំប៉នសមត្ថភាព បន្ថែមអ្នកប្រតិបត្តិរបស់ក្រសួង/ស្ថាប័នដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ដើម្បីភាពសុខដុមរមនា របស់ប្រជាជនកម្ពុជា” ។

ជាមួយគ្នានោះ លោក អ៊ិត សំហេងរដ្ឋមន្ត្រី ក្រសួងការងារ បានលើកឡើងថា រាជរដ្ឋាភិបាលបានផ្តោត ទៅលើការធ្វើឲ្យមានសមភាពយេនឌ័រ នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយាបថសង្គម ដែលមានការរើសអើងចំពោះស្ត្រី និងការធានានូវសិទ្ធិ និងឱកាសទទួលបាននូវការ ថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាលមុខជំនាញ ការទទួលបានធនធានសេដ្ឋកិច្ច និងឱកាសចូលរួមប្រាស្រ័យ ដោយស្មើភាពក្នុងកិច្ចការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាការទទួលបានកិច្ចការពារតាមផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ ដើម្បីឲ្យស្ត្រីអាចជៀសផុតពីអំពើហិង្សា ការជួញដូរ ការរំលោភសេពសន្ថវៈ និងរាល់ទម្រង់ដទៃទៀត នៃការចូលរួមរបស់ស្រ្តីឲ្យបានច្រើន ជាអតិបរិមាក្នុងស្ថាប័នជាតិគ្រប់កម្រិត ចាប់តាំងពីថ្នាក់កណ្តាល រហូតដល់ថ្នាក់មូលដ្ឋាន ៕

To Top