ព័ត៌មានជាតិ

TYDA ចុះព្យាបាលប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្តាល ជាលើកទី៤

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះបានចុះពិនិត្យនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ និងចែកសម្ភារៈសិក្សាជូនដល់កុមារាកុមារី ជូនប្រជាពលរដ្ឋជាលើកទី៤ ហើយនៅក្នុងទឹកដីស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។

សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅក្នុងបរិវណសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន រកាជន្លឹង ភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោយអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម សហការជាមួយអាជ្ញាធរដែនដី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំរកាជន្លឹង និងផ្នែកពាក់ព័ន្ឋជាច្រើនទៀត។

 លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែគិតគូរសុខទុក្ខ ចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែ។ ជាក់ស្ដែងលោកបានឲ្យក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះព្យាបាលបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត នៅតាមសហគមន៍ក្រីក្រ តាមអង្គការមជ្ឈមណ្ឌលកុមារកំព្រា សាលារៀន ហើយថ្មីៗនេះលោកឱ្យក្រុមការងារនិងកម្លាំងពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោចុះព្យាបាលបងប្អូនកម្មករកម្មការិនីតាមរោងចក្រ។ 

លោកស្រីបណ្ឌិត បានបញ្ជាក់ថា ក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យសមាជិកយុវជនសម្តេចតេជោ(TYDA) គឺជាផ្នែកមួយដែលបានចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន លោកបានដឹកនាំដាក់ចេញនូវផែនការយុទ្ធសាស្ត្រ គោលនយោបាយ និងវិធានការផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឲ្យប្រជាពលរដ្ឋមានរស់នៅសុខសាន្តដូចសព្វថ្ងៃនេះ។

 លោកស្រីបណ្ឌិត ពេជ ចន្ទមុនី្ន បានបន្ថែមថា ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋ ដែលមានករណីធ្ងន់ធ្ងរមកព្យាបាល នៅតាមមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញ គឺជាការជួយឧបត្ថម្ភទាំងស្រុង ពីសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។  

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ចំនួន៤៥០ នាក់ ព្យាបាលជំងឺទូទៅប្រជាពលរដ្ឋដោយគិតថ្លៃនាឱកាសនេះសរុប

សរុបចំនួន ២.៨៧៨នាក់ ស្មើនឹង ៤.៨៥៥ករណី។ លើសពីនេះ ករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួន៥៩ករណី ក្រោមការចំណាយ និងឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕

To Top