ព័ត៌មានជាតិ

សម្តេចតេជោ៖ បើសង្គ្រាម រុស្ស៊ី-អ៊ុយក្រែននៅបន្ត វិបត្តិសេដ្ឋកិច្ចសកលលោក នៅតែកើតមាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការវិភាគ មួយថាបើសិនសង្គ្រាមរុស្ស៊ី ជាមួយអ៊ុយក្រែន នៅតែបន្តអូសបន្លាយទៀតនោះ បញ្ហាវិបត្តិសេដ្ឋកិច្ចនៅតែកើតមាន ពិសេសនៅអឺរ៉ុបតែម្តង។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករកម្មការិនីនៅរាជធានីភ្នំពេញ និងខេត្ត កណ្តាលជិត២ម៉ឺននាក់ នាថ្ងៃនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«បញ្ហានៅលើពិភពលោកខ្ញុំយក ការទស្សន៍ទាយវិភាគមួយថា ដរាបណាសង្គ្រាមរុស្ស៊ីនិងអ៊ុយ ក្រែនមិនទាន់បានបញ្ចប់ សេដ្ឋកិច្ចពិភពលោកនៅតែជួបវិបត្តិ ព្រោះថាសូម្បីតែនៅ កម្ពុជារងប៉ះពាល់ដែរ ហើយអ្វីដែលរងផលប៉ះពាល់នោះ គឺប្រជាជនខ្លួនឯងតែម្តង»។

សម្តេចតេជោ បានបន្តថា បើប្រជាជននៅអឺរ៉ុបប៉ះពាល់ ដោយសារសង្រ្គាមរុស្ស៊ី និងអ៊ុយ ក្រែននោះ កម្ពុជាក៏ប៉ះពាល់ដែរព្រោះថា កម្ពុជាបាននាំចេញផលិតផល ទៅកាន់ប្រទេសនៅអឺរ៉ុប ។

សម្តេចបន្ថែមថា រាជរដ្ឋាភិបាលបានខិតខំណាស់ ក្នុងការស្វែងរកទីផ្សារក្រៅពីទៅអឺរ៉ុប និងអាមេរិក គឺបានស្វះស្វែងរកទីផ្សាផ្សេងៗ ដូចជានៅទីផ្សាប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅអារ៉ាប់ជាដើម។ សម្តេចតេជោ បានលើកឡើងទៀតថា ការនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សានានា នេះបង្ហាញថាកម្ពុជាមានលទ្ធភាពក្នុងផលិត។ ការនាំចេញផលិតផលផ្នែកវាយនភណ្ឌ នៅក្នុង ឆ្នាំ២០២២កន្លងមកនេះមានទំហំជាង ២៩ពាន់លានដុល្លារអាមេរិក។ ដោយឡែកវិស័យកាត់ដេរ និងស្បែកជើងមានប្រមាណជាង ១៣ពាន់លានដុល្លារអាមេរិក។

សម្តេចតេជោបានបន្ថែមថា អ្វីដែលកើតមកដល់បច្ចុប្បន្ននេះដោយសារ ខិតខំរបស់រាជរដ្ឋាភិបាលដែលម្ខាង ធ្វើការបង្កើតការផលិតផលក្នុងស្រុក និងម្ខាងទៀតខិតខំស្វែងរកទីផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋរកចំណូលបាន។ ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានណែនាំឲ្យកម្មករកម្មការិនី ធ្វើការគិតថាបើគ្មានរោងចក្រ នៅកម្ពុជាទេ នោះកម្មករនិងមិនមានការងាធ្វើនោះទេ គឺច្បាស់ជាធ្វើកសិកម្មនៅស្រុក ជាមិនខាន ៕

To Top