ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិក គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តរតនគិរី នាថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ។

លោក ម៉ាណែត លើកឡើងថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ដំណើរការនៃការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យ រួមទាំងខេត្តរតនគិរីផ្ទាល់ ដែលបានប្រែក្លាយ ពីខេត្តដាច់ស្រយាល មកជាខេត្តដែលកំពុងខិតកៀក ជិតទៅនឹងបណ្តាខេត្តដទៃ នានាទូទាំងប្រទេស តាមរយៈការធ្វើពិពិធកម្មលើគ្រប់វិស័យ ជាក់ស្តែង ការកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដ៏សម្បូរបែប បានធ្វើឱ្យសកម្មភាព សេដ្ឋកិច្ច-សង្គម នៅក្នុងខេត្តនេះ កាន់តែមាន ភាពរស់រវើក ហើយក៏បានបើកឱកាសរីកចម្រើន ផ្នែកជីវភាពដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន រួមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ជនជាតិនៅក្នុងខេត្តរតនគិរី ទាំងក្នុងពេលបច្ចុប្បន្ន និងតកូនចៅជាច្រើនជំនាន់ទៅមុខទៀត ។

លោកបណ្ឌិត បន្ថែមថា វឌ្ឍនភាពនេះ មិនមែនកើតទ្បើងដោយ ចៃដន្យនោះទេ ប៉ុន្តែជាសមិទ្ធផលនៃចក្ខុវិស័យ និងគោលជំហររឹងមាំ ក្នុងបុព្វហេតុឥត ប្រែប្រួល របស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើជាតិ និងប្រជាជន ដែលត្រូវបានកំណត់ជាគោលនយោបាយអាទិភាពចម្បងបំផុត ចាប់តាំងពីថ្ងៃ កំណើតបក្ស បន្តរហូតមកដល់បច្ចុប្បន្ន ។ ជាក់ស្តែងគោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំផ្ទាល់ របស់ សម្តេចតេជោ រួមជាមួយនឹងថ្នាក់ដឹក នាំគណបក្ស ប្រជាជនកម្ពុជា បានបញ្ចប់ទាំងស្រុង នូវសង្គ្រាម និងជម្លោះបែកបាក់ផ្ទៃក្នុង ដោយនាំមក នូវសុខសន្តិភាព ពេញលេញនៅទូទាំងប្រទេស ដែលមិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្រ្តជាង ៥០០ ឆ្នាំ របស់កម្ពុជា ។ លើសពីនេះ នៅក្នុងគ្រប់ដំណាក់កាលទាំងអស់ នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ គឺ សម្តេចតេជោ, ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ក៏បានតម្កល់ការសង្គ្រោះ អាយុជីវិត របស់ប្រជាពលរដ្ឋ ជាកត្តាអាទិភាព ចម្បងបំផុត ដោយក្នុងនេះ សម្តេចតេជោ បានធ្វើការវាយតម្លៃសភាពការណ៍ច្បាស់លាស់ និងហ៊ានធ្វើការអារកាត់ សម្រេចចិត្តបានត្រឹមត្រូវ និងទាន់ពេលវេលា ទាំងតាមរយៈការបង្ការការពារ, ការព្យាបាល, ការចាក់វ៉ាក់សាំង និងការជួយឧបត្ថម្ភទំនុក បម្រុងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រហូតឈានដល់ការបើកដំណើរការប្រទេសជាប្រក្រតី និងមានលំនឹងស្ថិរភាពទ្បើងវិញ ដូចសព្វថ្ងៃនេះ។

លោក បន្តថា ពិតណាស់, សមិទ្ធផលនានា របស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលប្រមាណ ៤៤ ឆ្នាំ កន្លងមកនេះ គឺកើតឡើងពីបុព្វហេតុដ៏ត្រឹមត្រូវ និងកម្មវិធីនយោបាយច្បាស់លាស់របស់គណបក្ស ដែលត្រូវបានប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅរៀងរាល់អាណត្តិនយោបាយ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត ។ មួយវិញទៀត គោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយមានការចូលរួមយ៉ាង សកម្មពីសំណាក់គ្រប់យន្តការ និងតួអង្គពាក់ព័ន្ធ ជាពិសេសសកម្មជនយុវជន គណបក្សគ្រប់រូប ដែលជាកម្លាំងស្នូលដ៏មោះមុត៕















