ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ នាំយកទៀនវស្សា បច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ១៥១វត្ត

រូបភាពដើមអម្ពិល

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួន មកប្រគេនជូន ព្រះសង្ឃគង់អស់ត្រីមាស នៅតាមបណ្តាវត្ត ចំនួន១៥១វត្ត និងសាលាបុណ្យ ចំនួន៥កន្លែង ក្នុងរាជធានីភ្នំពេញ

ពិធីនេះបានធ្វើឡើងនាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅវត្តព្រះបារមីវង្កតបូរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុង១៥១វត្ត និងសាលាបុណ្យ៥កន្លែង ក្នុងមួយវត្តៗទទួលបាន ថវិកាចំនួន ១០០.០០០៛, ទៀនវស្សា១គូ, អង្ករ១០០គីឡូក្រាម, សាដក១, ស្ករស១បាវ (២៥គីឡូក្រាម), ទឹកដោះគោខាប់១កេស (៤៨កំប៉ុង), ទឹកក្រូច៤កេស, ទឹកបរិសុទ្ធ៤កេស, មីចំនួន៤កេសតូច, ត្រីខកំប៉ុង១កេស (១០០កំប៉ុង)។

ក្រៅពីប្រគេនទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួនខាងលើហើយនោះ លោក ឃួង ស្រេង និងលោកស្រីជា ស៊ីណាឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រគេនបច្ច័យ សម្រាប់កសាងទីអារាម វត្តព្រះបារមីវង្កតបូរីនេះ ចំនួន១៩៩៥០០០០រៀល (ជាង១៩លាន) និង១៥០០ដុល្លារ ជាមួយការប្រគល់ជូនយាយជី តាជី នូវក្រណាត់ស និងថវិកាមួយចំនួនផងដែរ។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធដល់ ថ្ងៃ១៥ កើត ខែអស្សុជ ។ ជាទំលាប់ពិធីនេះ ត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួម ពីសំណាក់បងប្អូននិង ចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ ។
ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈ៣ខែនេះ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ ទៅប្រគេនជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃ គង់ចាំព្រះវស្សា ក្នុងអំឡុងពេលនេះផងដែរ៕

To Top