ភ្នំពេញ៖ មិនបង្អង់យូរ ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានបង្ហាញវត្តមានដោយចុះនៅតាមបន្ទប់ជួលរបស់បងប្អូនកម្មករ កម្មការិនីដែលបម្រើការនៅតាមរោចក្រនានា។ សកម្មភាពនេះ គឺដើម្បីជួបសំណេះសំណាល និងស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកម្មករ កម្មការិនី នៅតាមបន្ទប់ជួលជាដើម។
ជាមួយនឹងវត្តមានរបស់លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មករ កម្មការិនីរោងចក្រ បាន បង្ហាញក្តីសប្បាយរីករាយចំពោះទឹកចិត្តដ៏ល្អរបស់លោករដ្ឋមន្ត្រី ដែលបានចុះទៅតាមបន្ទប់ជួលដែលកម្មករជួលស្នាក់នៅ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ពួកគាត់។
តាមរយៈសកម្មភាពរបស់លោករដ្ឋមន្ត្រី បានធ្វើឱ្យមហាជន និងកម្មករនិយោជិតភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនបានដឹងមុនថាលោកចុះទៅជួបដល់កន្លែងស្នាក់នៅរបស់ពួកគាត់នោះឡើយ។
សូមជម្រាបថា លោករដ្ឋមន្ត្រី ហេង សួរ ត្រូវបានរាជរដ្ឋាភិបាលក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់សេចក្តីទុកចិត្តតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕