ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានជឿជាក់ថា ទូតអាស៊ែបៃហ្សង់ថ្មី នឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។
នាឱកាសអនុញ្ញាតឲ្យលោក ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា (Shovgi Kamal Oglu Mehdizada) ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ថ្មីប្រចាំកម្ពុជា ចូលជួបជូនសារតាំងនាព្រឹកថ្ងៃ១៥ កញ្ញា សម្តេច សាយ ឈុំបានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។
សម្តេចជឿជាក់ថា «ក្នុងឋានៈ ឯកឧត្តម ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត»។
សម្តេច ប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័នជាតិ នៃកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយ ឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតប្តេជ្ញាថា លោកនឹងខិតខំថែរក្សានូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ ដែលមានតាំងពីយូរលង់ណាស់មកហើយ និងជាប្រតិ្តសាស្ត្ររវាងកម្ពុជា និងអាស៊ែបៃហ្សង់។ លោកក៏បានរំលឹកកាលពីសម័យអតីតសហភាពសូវៀត ដែលមាននិស្សិតកម្ពុជាជាច្រើន បានទៅសិក្សានៅអាស៊ែបៃហ្សង់៕