ព័ត៌មានជាតិ

កម្ពុជា ស្វាគមន៍ចំពោះ ការប្តេជ្ញាចិត្តរបស់ចិន ក្នុងគម្រោងសិក្សាស្រាវជ្រាវ រាជវាំងនៅអង្គរ

រូបភាព៖ ក្រសួងវប្បធម៍៌

ភ្នំពេញ៖ នៅក្នុងជំនួប រវាងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មការ បេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ភាគីកម្ពុជា បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់មិត្តចិន ក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅអង្គរ និងគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣នៅប្រាសាទព្រះវិហារ

ក្នុងជំនួបនោះលោកស្រីរដ្ឋមន្រ្តី បានរំលឹកឡើងពីមិត្តភាព ជាប្រពៃណីរវាងប្រទេសទាំងពីរដែលមានតាំងពីសម័យអង្គរ ហើយត្រូវបានលើកកម្ពស់តាមរយៈ សម្តេចព្រះបរមរតនកោដ នរោត្តមសីហនុ និងក្រោយមកដោយសម្តេចតេជោ ហ៊ុន សែន ហើយបានបន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា។

ភាគីទាំងពីរ ក៏បានលើកឡើង អំពីការចូលរួមរបស់ភាគីចិន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ នៅតំបន់អង្គរ ហើយស្វាគមន៍ចំពោះការប្តេជ្ញាចិត្តប្រទេសចិន ក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅអង្គរ និងគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣នៅប្រាសាទព្រះវិហារ។

ជាមួយគ្នានោះ ភាគីចិនក៏បានសន្យានឹង ពិនិត្យលទ្ធភាពក្នុងការជួយកម្ពុជា លើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិត វប្បធម៌នៅពេលអនាគត។

នៅទីបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នា បង្កើតក្រុមការងាររួមមួយ ដើម្បីជម្រុញទំនាក់ទំនងការងារ ឲ្យកាន់តែមានប្រសិទ្ធិភាពនៅពេលអនាគត៕

To Top