ព័ត៌មានជាតិ

លោក វន់ ពៅ ៖ ខ្ញុំមិនទាន់ទទួលបានយុត្តិធម៌ទេ ក្រោយឧទ្ធរណ៍ឲ្យជាប់ទោសដដែល តែមិនពិន័យប្រាក់

ភ្នំពេញ ៖ ក្នុងការប្រកាសលទ្ធផលសាលដីការរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានបើកសវនាការកាលពីជាង១ខែមុន លើករណីសំណុំរឿងរបស់លោក វន់ ពៅដែលជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA កាលពីជិត១០ឆ្នាំមុននោះ គឺសាលាឧទ្ធរណ៍នៅតែទុកសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ជាបានការដដែល ។ ចំណុចនេះលោកបង្ហាញអារម្មណ៍ថា “នៅតែមិនទាន់ទទួលបានយុត្តិធម៌”។

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកាត់ទោសលោក វន់ ពៅ និងគ្នីគ្នារបស់លោកផ្សេងទៀតដែលជាប់ព័ន្ធបាតុកម្មនៅលើផ្លូវវេងស្រេង កាលពីអំពីចុងឆ្នាំ២០១៣និងដើមឆ្នាំ២០១៤ ក្រោយការបោះឆ្នោតថ្នាក់ជាតិនាពេលនោះ គឺសម្រេចឲ្យលោក វន់ ពៅជាប់ទោស៤ឆ្នាំ៦ខែ និងបង់ប្រាក់៨លានរៀល ក្នុងម្នាក់ៗ ។ នេះបើតាមលោក វន់ ពៅប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមរយៈខ្សែទូរស័ព្ទ ក្រោយពីចេញស្តាប់ការសាលដីការរបស់សាលាឧទ្ធរណ៍នាព្រឹកថ្ងៃ២៩ កញ្ញា ។

លោកបញ្ជាក់ថា “សាលាឧទ្ធរណ៍នៅតែរក្សាតម្កល់សាលក្រមរបស់សាលាដំបូង ទុកនៅដដែល ។ ចឹងគឺយើងនៅតែមានទោសដដែល ប៉ុន្តែប្រកាសបដិសេធនូវការផាកពិន័យជាប្រាក់របស់សាលាដំបូង៨លានរៀលមកលើពួកខ្ញុំហ្នឹងសាលាឧទ្ធរណ៍ប្រកាសទាត់ចោល”។

ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ដែលបានបើកសវនាការ កាលពីថ្ងៃ១៧ សីហា ជំនុំជម្រះពីបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធករណីបាតុកម្មនៅមុខរោងចក្រយ៉ាកជីន ម្តុំផ្លូវវេងស្រេងកាលពីជិត១០ឆ្នាំមុនដែលលោកវន់ ពៅសង្ឃឹមទទួលបានយុត្តិធម៌ដូចអ្វីដែលលោករំពឹងទុកថា មានពន្លឺរស្មីប្រែជាក្តីអស់សង្ឃឹមទៅវិញ ។

ដោយលោកសង្កត់ធ្ងន់ថា ក្រោយរង់ចាំយុត្តិធម៌ជាង១០ឆ្នាំមកនេះ “ខ្ញុំមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេដែលការសង្ឃឹមរបស់ខ្ញុំនៅពេលកាត់ក្តីរបស់សាលាឧទ្ធរណ៍ កាលពីជាងមួយខែមុន យើងសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ តែដល់ថ្ងៃប្រកាសលទ្ធផល គឺយើងបានយុត្តិធម៌ដែលគេមិនពិន័យជាប្រាក់យើងតែប៉ុណ្ណោះ ហើយក្រោយពីហ្នឹងគឺយើងនៅតែទទួលទោសដដែល ។ ចឹងយើងគិតថា យើងមិនទាន់បានយុត្តិធម៌នៅឡើយទេ” ។

សូមរំលឹកបន្តិចថា ចំពោះរឿងរ៉ាវកាលពីជាង១០ឆ្នាំមុនបានកើតឡើងក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ដោយមានការផ្ទុះបាតុកម្មរបស់ក្រុមកម្មករ-កម្មការិនី បម្រើការនៅតាមបណ្តារោងចក្រនានាជាទ្រង់ទ្រាយធំនៅម្តុំផ្លូវវេងស្រេង កើតចេញពីការដឹកនាំរបស់អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ។ ក្នុងគ្រានោះ លោក វន់ ពៅ និងកម្មករផ្សេងទៀតជាង២០នាក់ ត្រូវបានចាប់ខ្លួនផងដែរ ។ បន្ទាប់មក លោក វន់ ពៅ និងបាតុករ២២នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិអំពើហិង្សាដោយចេតនា និងបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន នៅក្នុងការប៉ះទង្គិចគ្នាមួយនៅមុខរោងចក្រយ៉ាកជីន រវាងកម្មករកាត់ដេរ និងកងទាហានឆ័ត្រយោង ៕

To Top