ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបប្រជុំទ្វេភាគី ជាមួយមេបញ្ជាការកងទ័ពជើងគោកចិន

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបប្រជុំទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ លី ឈែវមីង (LI QIAOMING) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ។

ក្នុងជំនួបនេះ សមភាគីទាំងពីរ បង្ហាញមោទកភាព ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តជាង ២០០០ឆ្នាំ រវាងកម្ពុជា-ចិន ក៏ដូចជាការបង្កើតចំណងការទូតផ្លូវការឆ្នាំ១៩៥៨ ដែលជាស្នាព្រះហស្ថ និងស្នាដៃដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតរបស់ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ ឲដែលត្រូវបានពូនជ្រុំដោយ ឲសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺកម្ពុជានៅតែបន្តផ្តល់សារៈសំខាន់ខ្ពស់ ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយមិត្តចិន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយគោលនយោបាយមេត្រីភាព ចំពោះមិត្តចិន នឹងមិនប្រែប្រួលឡើយ នៅតែដើរតាមបន្ទាត់នយោបាយ និងគោលគំនិតដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺគោរពនូវគោលនយោបាយចិនតែមួយ បន្តពង្រឹងសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ បន្តកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយនឹងបន្តអនុវត្តនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ លី ឈែវមីង ក៏បានថ្លែងអំណរគុណសម្តេចធិបតីដែលបានបន្តផ្តល់សារៈសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយមិត្តចិន និងគោរពគោល នយោបាយចិនតែមួយ។

លោកក៏បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ប្រកបដោយប្រសិទ្ធភាព រួមជាមួយជោគជ័យរបស់កម្ពុជា ទទួលបានទាំងកម្រិតជាតិ និងអន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រិត្តិការណ៍ធំៗ ជាពិសេសលទ្ធផលដ៏ត្រចះត្រចង់ការបោះឆ្នោតសកល ឆ្នាំ២០២៣ ។

លោកក៏បានចូលរួមអបអរសាទរកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ក្នុងឱកាសខួបលើកទី៧០ បុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣។

ចំពោះកិច្ចសហប្រតិបត្តិការយោធា សមភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមក ក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្តល់ជំនួយឧបត្ថម្ភផ្នែកសម្ភារ និងព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់ចាំបាច់ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បន្តសហការរួមគ្នាបន្តអនុវត្ត ផែនការស្របតាមស្មារតី MOU ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរឹងមាំ មិត្តភាពជាប្រពៃណី និងប្រកបដោយទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។

ដើម្បីចូលរួមចំណែក ក្នុងការគាំទ្រដល់ដំណើការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួម កម្ពុជា-ចិនកាន់តែរឹងមាំ និងយូរអង្វែង ព្រមទាំងទទួលបាន សមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ជាតិ និងប្រជាជនទាំងពីរ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានឯកភាពគោលគំនិត កិច្ចសហប្រតិបត្តិការ ចំនួន៣ ៖ (១) កសាងកងទ័ពជើងគោក ដែលរឹងមាំជាមួយគ្នា (២) កសាងកងទ័ពជើងគោក ដែលរីកចម្រើន និងវិបុលភាពជាមួយគ្នា និង(៣) កសាងកងទ័ពជើងគោកប្រកបដោយមេត្រីភាព។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ លី ឈែវមីង គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ ក្នុងប្រវត្តិសាស្រ្តទំនាក់ទំនង កងទ័ពជើងគោកប្រទេសទាំងពីរ ដែលការណ៍នេះ នឹងក្លាយជាកម្លាំងចលករបន្ថែមទៀត ក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនង រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ៕

To Top