ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ចង់ឃើញទំនាក់ទំនងកម្ពុជា និងជប៉ុន កាន់តែរីកចម្រើន និងរឹងមាំ។

តាមរយៈហ្វេសប៊ុកផ្លូវការ លោករដ្ឋមន្រ្តី បានលើកឡើងថា៖ “សូមជូនពរឱ្យទំនាក់ទំនង រវាងកម្ពុជានិងជប៉ុន បន្តរីកចំរើន និងកាន់តែរឹងមាំ”។

ការលើកឡើងដូចនេះ បន្ទាប់ពី លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅល្ងាចថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ និង លោក Ueno Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងស្ថាប័ន ជាច្រើនរូប បានចូលរួមពិធីបើក “មហោស្របភាពយន្តជប៉ុនលើកទី៩ នៅកម្ពុជា – The 9th Japanese Film Festival in Cambodia”ដែលធ្វើឡើងនៅផ្សារទំនើប អ៊ីអនភ្នំពេញ ។

ដើម្បីអបអរសាទរ ខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា និងជប៉ុននៅឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍មហោស្រប ខ្សែភាពយន្តជប៉ុនលើកទី៩នេះ បាននិងកំពុងដាក់បញ្ចាំងនៅទីក្រុងចំនួន ៥ គឺក្រុងសៀមរាប រាជធានីភ្នំពេញ ក្រុងបាត់ដំបង ក្រុងកំពង់ចាម និងក្រុងព្រះសីហនុ ។

សូមបញ្ជាក់ថា មហោស្របភាពយន្តជប៉ុននេះ គឺជាព្រឹត្តិការមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតជប៉ុននៅកម្ពុជា រួមគ្នារៀបចំឡើង ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ៕






