ភ្នំពេញ ៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំ ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី១ ក្រោមប្រធានបទ “ភ្លេងសន្តិភាព” ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

កិច្ចប្រជុំនេះ បានផ្ដោតពិភាក្សា លើវឌ្ឍនភាព នៃការរៀបចំកម្មវិធីប្រកួត របៀបវារៈនៃកម្មវិធីទាំងមូល សមាសភាពភ្ញៀវកិត្តិយសដែលត្រូវអញ្ជើញចូលរួម ពិធីកាយរឹទ្ធិ (ពិធីសាសនា គោរពទង់ជាតិ និងសច្ចាប្រណិធាន) មតិលោកជំទាវ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន របាយការណ៍សង្ខេបពី ដំណើរការរៀបចំកម្មវិធី និង កិច្ចពិភាក្សាលើលំដាប់នៃកម្មវិធី ។
មានប្រសាសន៍ក្នុងឱកាសនេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានស្នើក្រុមការងារ បន្ថែមការយកចិត្តទុកដាក់លើសុខុមាលភាព របស់ក្រុមការងារ រៀបចំកម្មវិធី អ្នកចូលរួម ក៏ដូចជាក្រុមកាយរឹទ្ធិទាំងអស់ ខណៈអាកាសធាតុក្ដៅខ្លាំង ត្រូវធានានូវការផ្គត់ផ្គង់ទឹក និងស្បៀងអាហារបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ និងរបៀបរៀបរយ ។

ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី១ គឺជាការឆ្លើយតបយ៉ាងវិជ្ជមានតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣ ដែលបានកំណត់ នៅក្នុងយុទ្ធសាស្ត្រទី១ គឺការផ្ដល់ឱកាសឱ្យមានគំនិតផ្ដួចផ្ដើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីជាក្រុម ព្រមទាំងស្មារតីទទួលខុសត្រូវ។

តាមរយៈកម្មវិធីនេះ ក្រសួងអប់រំ នឹងផលិតបាននូវធនធានក្រុមភ្លេងកាយរឹទ្ធិ ដ៏មានសក្ដានុពលពេញលេញលើបំណិនសម្បទា ខាងផ្នែកកាយសម្បទា មានសុខភាព ល្អ វិជ្ជាសម្បទា ចរិយាសម្បទា ជំនាញទន់(Soft Skills) បំណិនជីវិត(Life Skills) បំណិនច្នៃប្រឌិត(Creativity) មានសមត្ថភាពរស់នៅ និងធ្វើការជាក្រុម (Teamwork) មានបំណិនផ្នែកតន្ត្រី និងសិល្បៈ និងមានឆន្ទៈពិតប្រាកដ ដើម្បីចូលរួមសកម្មភាពក្នុងសហគមន៍របស់ខ្លួន ៕

