ព័ត៌មានជាតិ

សម្ដេចធិបតី រំលឹកថា មុនវិបត្តិកូវីដ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧%

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកថា មុនវិបត្តិនៃជំងឺកូវីដ-១៩ កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំ ហើយបានអនុញ្ញាតឲ្យកម្ពុជា ប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។

ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ នៅព្រឹកថ្ងៃទី៧ ឧសភា នេះ សម្ដេចធិបតីបានថ្លែងថា «ខ្ញុំសូមរំលឹកថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងតំបន់ និងលើសកលលោក។ មុនវិបត្តិនៃជំងឺកូវីដ-១៩ កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំ ។ ការណ៍នេះ បានអនុញ្ញាតឲ្យកម្ពុជា ប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥»។

សម្ដេចធិបតីបន្ដថា ក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩, ទោះបីជាមានកំណើនអវិជ្ជមាន ក្នុងឆ្នាំ២០២០, សេដ្ឋកិច្ចកម្ពុជាបានស្ទុះឡើងវិញយ៉ាងឆាប់ ដោយសម្រេចបានកំណើន៥,១% ក្នុងឆ្នាំ ២០២២, និង ៥% ក្នុងឆ្នាំ ២០២៣, ហើយត្រូវបានព្យាករថា «នឹងបន្តសម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលមធ្យម ទៅរយៈពេលវែងខាងមុខ»។

សម្ដេចធិបតីបន្ថែមថា ជាការពិតមួយចំណែកធំ នៃកំណើតខ្ពស់របស់កម្ពុជា ទ្រទ្រង់ដោយពាណិជ្ជកម្ម ជាក់ស្ដែងការនាំចេញរបស់កម្ពុជា មានកំណើនជាមធ្យម ១៣,៣% ក្នុងចន្លោះឆ្នាំ២០១៧ ដល់ ឆ្នាំ២០២៣ បានកើនឡើងដល់ទំហំ ២៣,៤៧ ប៊ីលានដុល្លារ ឬ ស្មើនឹង ៥៤,៧% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ក្នុងឆ្នាំ២០២៣។ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ និន្នាការនៃការនាំចេញ នៅបន្តមានចលនាវិជ្ជមាន ក្នុងកំណើនប្រមាណ ១៧,២%។

សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងថា រាជរដ្ឋាភិបាល តែងតែកំណត់ការកែលម្អបរិយាកាសធុរកិច្ច ការវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ជាអាទិភាពដ៏ចម្បងមួយ ដោយបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្ត្រ, កម្មវិធី និងវិធានការកែទម្រង់ ព្រមទាំងបទដ្ឋានគតិយុត្តសម្រាប់ កែលម្អការ-អនុវត្តជាក់ស្ដែងជាបន្តបន្ទាប់៕

To Top