ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការ អន្តរជាតិ ប៊ែលធី លើកទី៧ ឆ្នាំ២០២៤-The 7th BICC 2024 ស្តីពី “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស-The Scholarship Opportunities and Preparation for Overseas Study Life” និងវេទិកាស្រាវជ្រាវ លើកទី១ ឆ្នាំ២០២៤-The 1st BELTEI IU Research Forum 2024” ស្តីពី “តួនាទី របស់គ្រឹះស្ថានឧត្តមសិក្សា ក្នុងការលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ សម្រាប់កំណើនសេដ្ឋកិច្ច-Role of Higher Education Institutions in Promoting Research and Innovation for Economic Growth” ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយកប៊ែលធីគ្រុប និងជាប្រធាន ក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ព្រមទាំងមានការធ្វើបទបង្ហាញ ពីសាកលវិទ្យាល័យដៃគូ ចំនួន ៣៣ មកពី ១៨ប្រទេសជុំវិញ ពិភពលោក ជូនសិស្ស-និស្សិតប៊ែលធី និងអ្នកអាណាព្យាបាល ប្រមាណ ១២,០០០នាក់ ចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Zoom ។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា BICC គឺជាសន្និសីទ អន្តរជាតិ ដែលរៀបចំដោយ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យដៃគូ នៅឯក្រៅប្រទេស ដែលបានចុះ អនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីរួមចំណែក លើកកម្ពស់គុណភាពវិស័យអប់រំ នៅកម្ពុជា ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលផ្តោតលើ ៧ចំណុចសំខាន់ៗ ៖

១-ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗ របស់កម្ពុជាទៅកាន់ពិភពលោក
២-បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
៣-ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗ នៅតាមប្រទេសនានា ជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
៤-បង្កើតនូវវេទិកាទំនាក់ទំនង សម្រាប់គ្រឹះស្ថានទាំងអស់ ដែលបានចូលរួម
៥-ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន
៦-ផ្សព្វផ្សាយពីឱកាសទទួលបាន អាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេស ទៅបន្តការសិក្សានៅបរទេស
៧-ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ ។

លោកសាកលវិទ្យាធិការ បានបន្ថែមថា ដើម្បីចូលរួមលើកកម្ពស់គុណភាព នៃការសិក្សាស្រាវជ្រាវ ឱ្យកាន់តែមាន ប្រសិទ្ធភាព និងស្តង់ដា ដែលមានការទទួលស្គាល់ ជាអន្តរជាតិ សាកលវិទ្យាល័យក៏បានរៀបចំ “វេទិកាស្រាវជ្រាវ លើកទី”១” ដោយមានការអញ្ជើញ ចូលរួមធ្វើបទបង្ហាញ និងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ និងស្នាដៃសិក្សាស្រាវជ្រាវ ពីវាគ្មិនជាតិ-អន្តរជាតិ ជាច្រើនរូបផងដែរ ។

នៅក្នុងពិធីបិទសន្និសីទនេះ ក៏មានការចែករំលែកបទពិសោធន៍ អំពីជីវិតសិក្សានៅក្រៅប្រទេស របស់អតីតសិស្សនិទ្ទេស-A ជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង គឺលោក កែវ ពិសិដ្ឋ ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ San Mateo Colleges of Silicon Valley និងសាកលវិទ្យល័យ California នៃសហរដ្ឋអាម៉េរិក ព្រមទាំងការសម្តែងសិល្បៈ វប្បធម៌ប្រពៃណីជាតិខ្មែរ ផងដែរ ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ជាពិសេសភាពលេចធ្លោ នៃកិត្តិនាមនៅលើឆាកអន្តរជាតិរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាច្រើនរូបទៀតដែលសុទ្ធសឹងជាបណ្ឌិត-បញ្ញវន្ត មានចំណេះដឹង ខ្ពង់ខ្ពស់ ប្រកបដោយ សីលធម៌ និងគុណធម៌ខ្ពស់ ដែលនឹងបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅសម្រេច ទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និង មានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

លោកបណ្ឌិត ក៏បានថ្លែងអំណរគុណគ្រឹះស្ថាន សិក្សាទាំង៣៣ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញចូលរួម សន្និសីទដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញ ចែករំលែកព័ត៌មានសិក្សា របស់សាកលវិទ្យាល័យខ្លួន ជូនដល់សិស្ស-និស្សិតកម្ពុជា ។ លោកបណ្ឌិត បានបន្ថែមថា សន្និសីទBICC នឹងរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើន ធនធានមនុស្ស ប្រកបដោយសមត្ថភាព នៅកម្ពុជា ក្នុងសម័យឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលបានកំណត់វិស័យអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។

ជាទីបញ្ចប់ លោកបណ្ឌិត ក៏បានលើកទឹកចិត្តដល់សាកលវិទ្យាល័យដៃគូទាំងអស់ បន្តចូលរួមសន្និសីទ BICC លើកទី៨ និងវេទិកាស្រាវជ្រាវ លើកទី២ ឆ្នាំ២០២៥ ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំ ទាំងថ្នាក់ជាតិ-អន្តរជាតិ ជាពិសេសបន្តពង្រឹង កិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នាឱ្យបានកាន់ តែប្រសើរបន្ថែមទៀត ៕


























