ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ រួមទាំងគ្រឿងបរិក្ខាផ្សេងៗ ប្រគេនដល់ព្រះសង្ឃនិមន្តមកពី ១៥១វត្ត និងសាលាបុណ្យចំនួន ៥កន្លែងនៅក្នុងរាជធានីភ្នំពេញ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងបរិវេណវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ។
លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការប្រារព្ធពិធីបុណ្យចូលព្រះវស្សា ជាពិធីបុណ្យដ៏សំខាន់ និងជាក្រឹត្យក្រមសាសនាដើម្បីជាការរំលឹកដល់គុណូបការៈ នៃព្រះសម្មាសម្ពុទ្ធជាអម្ចាស់បរមគ្រូនៃយើង ស្របពេលដែលបងប្អូន ប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅ ទូទាំងប្រទេស ក៏បាននិងកំពុងប្រារព្ធពិធីបុណ្យនេះ ដោយទឹកចិត្តជ្រះថ្លាគ្រប់ទិសទីផងដែរ។





សម្រាប់ទំនៀមទម្លាប់នៃពិធីបុណ្យនេះ ផ្អែកតាមពុទ្ធប្បញ្ញត្តិ ព្រះសង្ឃគ្រប់អង្គ ត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងទីវត្តនីមួយៗគិតចាប់ពីថ្ងៃ ១រោច ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះដោយត្រូវខិតខំស្វាធ្យាយរៀនសូត្រព្រះធម៌ ព្រះវិន័យ មិនអាចនិមន្តចេញក្រៅវត្តអារាម ដោយគ្មានភារកិច្ច លុះដល់ពេលចេញព្រះវស្សា ទើបអាចនិមន្តត្រាច់ចរ
និងត្រៀមទទួល អានិសង្សពីទាយក-ទាយិកា ក្នុងរដូវកឋិនទានជាកិច្ចបន្ទាប់ក្នុងជំនឿ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។




ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរាជធានីភ្នំពេញ សំណូមពរឱ្យព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន-យុវនារីទាំងអស់ត្រៀមលក្ខណៈចូលរួមអបអរសាទរ ដោយត្រូវទូងស្គរ គោះជួង និងកម្សាន្តសប្បាយជាមួយនឹងការ ប្រគុំតន្ត្រី អុជកាំជ្រួច ព្រមទាំងការរៀបចំកម្មវិធីផ្សេងៗ
ទៀតរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ប្រជាជនកម្ពុជានោះ គឺការបើកការដ្ឋានស្ថាបនា “ព្រែកជីកហ្វូណនតេជោ” ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានអនុវត្តក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រោះថាការសាងសង់ព្រែកជីកនេះ គឺ
ដើម្បីផលប្រយោជន៍ខ្មែរសុទ្ធសាធ និងជាទ្រព្យសម្បត្តិដ៏មហាសាល របស់ប្រជាជនកម្ពុជា ដូច្នេះ យើងត្រូវអបអរសាទរ និងចូលរួមគាំទ្រឱ្យក្លាយជាមហាចលនាជាតិ ក្រោមស្មារតីជាតិខ្មែរតែមួយ ដើម្បីឱ្យសមិទ្ធផលនេះលេចចេញជារូបរាងឡើងយ៉ាងពិតប្រាកដ៕
