ជីលីន-ប្រទេសចិន៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានស្នើដល់បណ្ដាញផ្សព្វផ្សាយ និងទូរទស្សន៍ចិន ជួយបង្កើនការផ្សព្វផ្សាយ អំពីស្ថានការណ៍ពិតនៅកម្ពុជា ដើម្បីលុបបំបាត់នូវព័ត៌មានមិនពិតដែល ធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចេណ៍ និងជាពិសេសការញុះញង់ បំផ្លិចបំផ្លាញ ទំនាក់ទំនងនៃប្រទេស កម្ពុជា-ចិន ។

ការស្នើនេះ ធ្វើឡើងក្នុងឱកាសលោក សយ សុភាព ប្រធាន និងលោក លី សៅគ័ង សហប្រធានសមាគមអ្នកសារព័ត៌កម្ពុជា-ចិន ជួបពិភាក្សាការងារជាមួយអ្នកគ្រប់គ្រង បណ្ដាញផ្សព្វផ្សាយខេត្តជីលីន នាថ្ងៃទី៣១ កក្កដា ។

ក្នុងជំនួបលោក សយ សុភាព បានលើកឡើងថា អ្វីដែលត្រូវដោះស្រាយនាពេលបច្ចុប្បន្ន គឺចំនួនទេសចរណ៍ចិនមកទស្សនាកម្សាន្តនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ។

លោកបញ្ជាក់ថា “អ្វីដែលជាសំណូមរបស់ខ្ញុំ សូមឲ្យបណ្ដាញផ្សព្វផ្សាយរបស់ចិន ជាពិសេសស្ថានីយទូរទស្សន៍ និងវិទ្យុជីលីន (Jilin TV Station) រួមគ្នាទប់ស្កាត់នូវព័ត៌មានមិនពិតដែលនាំឲ្យ ប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ”។
លោក សយ សុភាព បន្តថា ខេត្តព្រះសីហនុរបស់កម្ពុជា កន្លងមកក៏មានអ្នកវិយោគចិនពីខេត្តជីលីន ទៅបោះទុនរកស៊ីច្រើនផងដែរ។

លោក XIE RONG ប្រធានគណៈកម្មាធិការអ្នកសារព័ត៌មានខេត្តជីលីន បានលើកឡើងថា ខេត្តជីលីន កំពុងផ្ដោតយ៉ាងយកចិត្តទុកដាក់ ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍ និងការផ្លាស់ប្ដូរព័ត៌មាននៃប្រទេសទាំង២ ដែលនឹងឈានទៅដល់ការចាក់គ្រឹះដ៏រឹងមាំ។

ចំណែកលោក LIU ZHIJIAN អគ្គនាយកស្ថានីយទូរទស្សន៍ និងវិទ្យុជីលីន (Jilin TV Station) បានលើកឡើងថា ការជួបពិភាក្សាគ្នា រវាងប្រព័ន្ធផ្សព្វផ្សាយខេត្តជីលីន ជាមួយសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន នាឱកាសនេះពិតជាទទួលបាននូវព័ត៌មានមួយចំនួន ដែលជាឧបសគ្គ រារាំងដល់ទំនាក់ទំនង នៃប្រទេសទាំង២។
លោកបញ្ជាក់ថា ” យើងនឹងរួមដៃគ្នាដោះស្រាយនូវបញ្ហា ដែលកើតនៅចំពោះមុខនេះផងដែរ” ៕









