កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យសមត្ថកិច្ច យកចិត្តទុកដាក់ធ្វើការបង្រ្កាប និងតាមដានរាល់សកម្មភាពរបស់ក្រុមក្មេងទំនើង ដែលធ្វើសកម្មភាពផ្សេងៗ ឬបង្ហោះម៉ូតូបង្ករភ័យខ្លាចដល់ប្រជាពលរដ្ឋ ។
លោកអភិបាលខេត្តបានចេញបទបញ្ជាបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានថ្លែងណែនាំ កម្លាំងសមត្ថកិច្ចនគរបាលឲ្យសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះល្បាតតាមគោលដៅ ដែលសំបូរក្រុមក្មេងទំនើង ចូលចិត្តប្រមូលផ្តុំគ្នា ធ្វើសកម្មភាពជិះម៉ូតូបង្ហោះ ឬធ្វើសកម្មភាពផ្សេងៗ ដោយវិធានការដំបូងត្រូវធ្វើការបង្រ្កាបគ្រប់រូបភាព មិនថាពេលថ្ងៃ ឬពេលយប់នោះទេ ត្រូវធ្វើការបង្រ្កាបឲ្យដូចភ្លៀងរលឹម មិនត្រូវលើកលែងជាដាច់ខាត ដោយចាប់ខ្លួនទាំងអស់មិនមាន ការយោគយល់សោះឡើយ។

លោកអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់វិធានការបន្ទាប់ នៅពេលដែលចាប់បានអ្នកជិះម៉ូតូបង្ហោះទាំងម៉ូតូ និងមនុស្សរួចហើយ យើងត្រូវធ្វើការអប់រំណែនាំឲ្យកែប្រែខ្លួន ចំពោះម៉ូតូត្រូវឃាត់ទុកនៅអធិការរដ្ឋាននគរបាលរយៈពេល ៣ខែសិន ចាំប្រគល់ជូនម្ចាស់ដើមវិញ ប៉ុន្តែក្រោយពេលប្រគល់ម៉ូតូហើយ សមត្ថកិច្ចត្រូវបន្តធ្វើការតាមដានឲ្យជាប់ជាប្រចាំ ថាតើក្រុមក្មេងទាំងនោះ បានកែប្រែខ្លួនហើយឬនៅ។
អភិបាលខេត្តបានយកឱកាសនោះ ណែនាំទៅដល់ជួរថ្នាក់ដឹកនាំ នៅតាមមន្ទីរអង្គភាព ដែលមានកូនចៅ ដើរក្នុងក្រុម ក្មេងទន្លើងសុំឲ្យជួយអប់រំ ណែនាំកូនចៅឲ្យធ្វើខ្លួនជាក្មេងគំរូក្នុងសង្គម ជាធនធានដែលសំខាន់សម្រាប់សង្គមត្រូវការ ហើយសុំកុំឲ្យកូនរចៅបស់ខ្លួន ប្រើប្រាស់មុខងាររបស់ឪពុក ម្តាយ ដើម្បីអួតអំណាចលើសមត្ថកិច្ច និងអ្នកទន់ខ្សោយ សុំកុំឲ្យមានជាដាច់ខាត់ ព្រោះច្បាប់គ្នានការយោគយល់ ឬលើកលែងចំពោះបុគ្គលណាម្នាក់ឡើយ ៕
