កំពង់ស្ពឺ៖ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ សួនឧស្សាហកម្ម វាយនភណ្ឌបៃតងកម្ពុជា ដែលមានទីតាំងស្ថិត នៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានវត្តមានចូលរួមពី លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក John Yu ប្រធានក្រុមហ៊ុន Golden Intergrity International Investment Group ។
លោក ហេង សួរ បានថ្លែងថា គម្រោងស្ថិត នៅលើផ្ទៃដីជាង ៥០០ហិកតា ក្នុងខេត្តកំពង់ស្ពឺនេះ ជាគម្រោងវិនិយោគ សេដ្ឋកិច្ចយុទ្ធសាស្រ្ត ដែលនឹងផ្តល់ឱកាសឱ្យកម្ពុជា ក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់ លើវិស័យឧស្សាហកម្ម បោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកូប្លាតីង ស្បែកក្នុងតំបន់អាស៊ាន។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ ចំពោះការបង្កើតសួនឧស្សាហកម្មនេះ ដោយមើលឃើញថា គម្រោងនេះនឹងផ្តល់ការងារ ប្រមាណ៥ម៉ឺន ទៅ៦ម៉ឺនកន្លែងបន្ថែមទៀត។ ទន្ទឹមនេះ ខេត្តកំពង់ស្ពឺគឺជាគោលដៅ យ៉ាងសំខាន់ដែលមាន តម្រូវការកម្លាំងពលកម្មខ្ពស់ ក៏ដូចជាផ្តល់ នូវឱកាសការងារជាច្រើន ទៅដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់និងក្នុងខេត្តជុំវិញ ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការជួយគាំទ្រ ដល់គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដោយមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រតិបត្តិករស្នូល ក្នុងការធានាឱ្យប្រជាពលរដ្ឋ គ្រប់រូបអាចទទួលបានជំនាញពិតប្រាកដ និងការងារមួយដ៏សមរម្យ។
លោករដ្ឋមន្ត្រី មើលឃើញថា ការទទួលបានការវិនិយោគ គម្រោងដ៏ធំនេះ គឺបង្ហាញថាខេត្តកំពង់ស្ពឺ មានសក្តានុពល គ្រប់គ្រាន់សម្រាប់វិនិយោគិន និងមានការគាំពារ បានយ៉ាងល្អពីអាជ្ញាធរខេត្ត ជាពិសេស គឺស្របទៅនឹង គោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការនាំយកការវិនិយោគ និងបង្កើតការងារ ឱ្យនៅជិតមូលដ្ឋាន រស់នៅរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី សង្ឃឹមថាអាជ្ញាធរ មន្ទីរពាក់ព័ន្ធនឹង មានកិច្ចសហការល្អ ជាមួយគ្នាដើម្បីធ្វើយ៉ាងណា ឱ្យគម្រោង វិនិយោគនេះចេញជារូបរាង និងក្លាយជាទីតាំងដ៏សំខាន់ក្នុងវិស័យឧស្សាហកម្ម និងការវិនិយោគក្នុងខេត្តកំពង់ស្ពឺ និងជាគំរូមួយក្នុងការទាក់ទាញ អ្នកវិនិយោគថ្មីៗទៀត ។
សូមជម្រាបថា នៅក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់សួន ឧស្សាហកម្មវាយនភណ្ឌបៃតង កម្ពុជានេះដែរ លោកហេង សួរ ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ខេត្តកំពង់ស្ពឺ ជាមួយ អង្គការ Yu Jianging Charity Organization for Education ផងដែរ ។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើត នូវកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងគុណភាពនៃការអប់រំ និងបង្កើនសមត្ថភាព របស់បុគ្គលិកនៃវិទ្យាស្ថាន និងជួយគាំទ្រដល់សិស្សនិស្សិត ក្នុងខេត្តកំពង់ស្ពឺ តាមរយៈការផ្តល់ការ បណ្តុះបណ្តាល និងផ្តល់ធនធានពាក់ព័ន្ធនានាជូនដល់គ្រូបង្គោល និងសិក្ខាកាមរបស់វិទ្យាស្ថាន៕