ព័ត៌មានជាតិ

ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ចិន ក្រុងហ្សិនឆិន សង្ឃឹមថាការវិវឌ្ឍនៅកម្ពុជា នឹងនាំមកនូវឱកាសវិនិយោគគម្រោងថ្មីៗបន្ថែមទៀត ក្រោមក្របខណ្ឌ BRI

រូបភាព៖ SHS MEDIA

ភ្នំពេញ៖ លោកបណ្ឌិត ហ្វាន ហ្គាង (Dr. Fan Gang) ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ចិននៅទីក្រុងហ្សិនឆិន និងជានាយកវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជាតិ ហើយក៏ជាប្រធាននៃមូលនិធិកំណែទម្រង់ប្រទេសចិន បានបង្ហាញក្ដីសង្ឃឹមថាការវិវឌ្ឍថ្មីៗនៅកម្ពុជា នឹងនាំមកនូវឱកាសវិនិយោគគម្រោងថ្មីៗបន្ថែមទៀត ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលហៅកាត់ថា BRI។

ក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤​ លោកបណ្ឌិត ហ្វាន ហ្គាង (Dr. Fan Gang) ក៏បានជម្រាបជូន សម្តេចតេជោ ថាក្រុមការងាររបស់លោក បាននិងកំពុងពិភាក្សាពិនិត្យលទ្ធភាពផ្តួចផ្តើមគម្រោងមួយ សម្រាប់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ជាពិសេសក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។

លោក ហ្គាង ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៃព្រឹត្តការណ៍នានាដែលកម្ពុជាបានរៀបចំ ជាពិសេសការទទួលរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ចនិងបច្ចេកវិទ្យាចិន សកលឆ្នាំ២០២៤ ដែលមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា អាស៊ាន និងប្រទេសចិន។ តំណាងវេទិកាកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា និងជឿជាក់ថាវេទិកានេះ នឹងនាំមកនូវស្ថាបនិក និងធុរជននៅអាស៊ាន និងតាមបណ្តាប្រទេសលើពិភពលោកមកកម្ពុជា ។

ដោយឡែក លោក Tan Sri Michael Yeoh បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ លោកនិងប្រតិភូ បានសម្តែងការគួរសមនាពេលនេះ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ លោក Tan Sri Michael Yeoh បានកត់សម្គាល់ប្រកបដោយការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស របស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ។

ក្នុងឱកាសនោះផងដែរ លោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI សម្រាប់អាស៊ីប៉ាស៊ីហ្វិក បានសម្តែងនូវក្តីរីករាយដោយបានចូលរួមក្នុងជំនួបនាពេលនេះ និងបានគោរពអញ្ជើញ សម្តេចតេជោធ្វើទស្សនកិច្ច និងចែករំលែកបទពិសោធន៍របស់សម្តេច នៅប្រទេសម៉ាឡេស៊ី នៅពេលវេលាសមស្របណាមួយ។

លោក ដាតុ ស្រ៊ី វី កា ស៊ីអុង ប្រធានសមាគមចិនម៉ាឡេស៊ី និងជាអតីតរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃសហព័ន្ធម៉ាឡេស៊ី ដែលបានធ្វើកិច្ចការជាច្រើនជាមួយកម្ពុជា បានកោតសរសើរចំពោះ សម្តេចតេជោ ដែលជាថ្នាក់ដឹកនាំដ៏ឧត្តុង្គឧត្តមមួយរូប ដែលបានដឹកនាំកម្ពុជាឈានឆ្ពោះទៅមុខជានិច្ច និងដែលការអភិវឌ្ឍនេះ បានផ្តល់ផលជាវិជ្ជមានដល់អាស៊ានផងដែរ។ លោក ស៊ីអុង ក៏សង្ឃឹមថាការវិវឌ្ឍថ្មីៗនៅកម្ពុជា នឹងនាំមកនូវឱកាសវិនិយោគគម្រោងថ្មីៗបន្ថែមទៀត។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ លោក Tan Sri Michael Yeoh និងប្រតិភូ ដែលបានអញ្ជើញមកកម្ពុជានាពេលនេះ។ ក្នុងនាមកម្ពុជា សម្តេចតេជោ បានថ្លែងអំណរគុណ លោក លោកស្រី សមាជិកគណៈប្រតិភូ ដែលបានតាមដាន និងកត់សម្គាល់អំពីការវិវត្ត និងរីកចម្រើនរបស់កម្ពុជា។ ជាមួយនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍយ៉ាងលឿននេះ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចមិនដែលគិតថាកម្ពុជា អាចអភិវឌ្ឍនិងឈានឆ្ពោះទៅមុខបានយ៉ាងលឿនដូច្នេះនោះទេ ។ ជាក់ស្តែង ការរីកចម្រើនរបស់កម្ពុជា នេះគឺបណ្តាលមកពីការកំណត់យុទ្ធសាស្ត្រ ដ៏ត្រឹមត្រូវរបស់សម្តេច ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។

សម្តេចតេជោ បានរំឭកនិងចែករំលែកពីបទពិសោធ អំពីភាពជោគជ័យនៃយុទ្ធសាស្រ្តពីរមុខព្រួញ គឺ កំណែទម្រង់នយោបាយ ដោយមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាម នោះទេ និងការកែប្រែនៃសេដ្ឋកិច្ចផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារ ដោយចាប់ផ្តើមពីកំណែទម្រង់ដីធ្លី។

សម្តេចតេជោ ក៏បានពន្យល់ពីការអនុវត្តប្រកបដោយវិចារវិទ្យា នូវយុទ្ធសាស្ត្រធានាស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជា «ចុងខ្សែពីរនៃចំណងមួយ» ផងដែរ៕

To Top