ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសជ្រើសរើសគ្រូបង្រៀន ចូលរួមកម្មវិធីប្រកួតប្រជែងគ្រូបង្រៀន ដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំ ឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសេចក្តីជូនដំណឹង ស្ដីពីការប្រកាសជ្រើសរើស គ្រូបង្រៀនចូលរួមកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥” ។

កម្មវិធីប្រកួតប្រជែងនេះ នឹងផ្ដល់ឱកាសប្រកួតប្រជែង ដល់គ្រូបង្រៀនទូទាំងប្រទេស ដែលបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជំនួយដល់ការបង្រៀន និងរៀន និងការបំពេញការងារ។

សម្រាប់ជ័យលាភី ៣រូប នឹងត្រូវបានអញ្ជើញឱ្យមកធ្វើបទបង្ហាញ និងប្រគល់ពានរង្វាន់នៅសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំ លើកទី១ នៅកម្ពុជា (The First Cambodia EdTech Summit) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ចំណែកដំណើរការដាក់ពាក្យគឺធ្វើឡើងចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រឹមម៉ោង ១៧:០០ ។

ព័ត៌មានលម្អិតសូមចូលទៅកាន់: https://edtechcambodia.org/edtechteacher2025 ។

សូមបញ្ជាក់ថា ក្រសួងអប់រំ នឹងរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការ អប់រំឌីជីថល” ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ព្រឹត្តិការណ៍នេះមាន កម្មវិធីចម្រុះ រួមមាន ការធ្វើបទបង្ហាញរបស់វាគ្មិនជាតិនិងអន្តរជាតិលើបរិវត្តកម្មឌីជីថលសម្រាប់ការអប់រំ កិច្ចពិភាក្សា យុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន ការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំពីវិស័យសាធារណៈ និងឯកជន ការប្រកួត ប្រជែងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាអប់រំប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់កម្ពុជាឆ្នាំ២០២៥ និងការប្រកួតប្រជែង សមត្ថភាពឌីជីថល ដែលអ្នកចូលរួមទាំងអស់អាចប្រកួតប្រជែងសមត្ថភាព និងចំណេះដឹងផ្នែកឌីជីថលនៅក្នុង ព្រឹត្តិការណ៍នេះ។

ក្រសួងបន្ថែមថា សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា ក៏នឹងផ្តល់ឱកាសដល់គ្រូបង្រៀន ដែលកំពុងបង្រៀននៅ តាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ឬឯកជន ដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានជំនួយដល់ការបង្រៀន និងរៀន ឱ្យចូលរួមកម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែក បច្ចេកវិទ្យាអប់រំ (EdTech Teacher Competition 2025) ដែលនឹងប្រកាសលទ្ធផល និងប្រគល់រង្វាន់លើកទឹកចិត្ត នៅក្នុងព្រឹត្តិការណ៍ខាងលើ ៕

To Top